ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម លោកជំទាវឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី ប៊ែលហ្ស៊ិក ហ្វីលីពីន ប្រ៊ុយណេ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន ឯកឧត្តម ជា ច័ន្ទបូរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី លោកជំទាវ គឹមសួរ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ែលហ្ស៊ិក ឯកឧត្តម ជ័យ រដ្ឋា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ឯកឧត្តម ស៊ិន សារៀម ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីទទួលការណែនាំក្នុងការជំរុញទេសចរពីប្រទេសគោលដៅមកកាន់កម្ពុជា និងការណែនាំនូវវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងវិស័យទេសចរណ៍ ចំពោះការបញ្ចុះតម្លៃវីសា (e-Visa), ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយវីសាប្រភេទ (T) visa បញ្ចុះ ពី ៣៦ ដុល្លារអាម៉េរិក មក ៣០ ដុល្លារអាម៉េរិក វីសាប្រភេទ (E) visa បញ្ចុះ ពី ៤២ ដុល្លារអាម៉េរិក មក ៣៥ ដុល្លារអាម៉េរិក ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូត/រាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/កុងស៊ុលកម្ពុជា នៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិ កម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក ក្នុងការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា។

ជាលទ្ធផលនៃកិច្ចជំនួបដ៏មានតម្លៃនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្នើសុំឱ្យឯកឧត្តម លោកជំទាវ ចេញជាសារ ឬ វីដេអូ ដែលបង្ហាញពីសភាពការណ៍ពិតនៅកម្ពុជា៖ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបកស្រាយទាន់ពេលវេលាចំពោះការផ្សព្វផ្សាយអវិជ្ជមាន ព័ត៌មានក្លែងក្លាយ ដែលជះឥទ្ធិពលដល់កិត្តិនាមកម្ពុជា និងវិស័យទេសចរណ៍កម្ពុជា ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ នឹងផ្តល់ជូនជា Brochure, leaflet, video promotion ជូនឯកឧត្តម លោកជំទាវ ជាពិសេសការជួយភ្ជាប់ទំនាក់ទំនងជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ (សមាគមទេសចរណ៍, ប្រតិបត្តិករទេសចរណ៍, ភ្នាក់ងារ, ការីទេសចរណ៍, ក្រុមហ៊ុន Airlines ជាដើម) នៅប្រទេសដែលឯកឧត្តម លោកជំទាវ កាន់ជាអគ្គរាជទូត ព្រមទាំងរៀបចំជា Business Matching, FAM Trip និងព្រឹត្តិការណ៍ផ្សេងៗទៀតផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close