អាជ្ញាធរខណ្ឌសែនសុខ ទុកពេល៧ថ្ងៃ ឲ្យ លោកស្រី អុឹង សាវណ្ណ ម្ចាស់សំណង់ឃ្លាំងដែកដែលសង់លើផ្លូវសាធារណៈឲ្យរុះរើបើមិនអនុវត្តតាមនឹងចាត់វិធានការច្បាប់ជាធរមាន
ភ្នំពេញ៖តាមរយៈរដ្ឋបាលខណ្ឌ បានឲ្យដឹងថាកាលពីឆ្នាំ ២០២៣ រដ្ឋបាលខណ្ឌបានពិនិត្យឃើញថា មានការសាងសង់សំណង់ឃ្លាំង មកលើផ្លូវសាធារណៈ ដោយលោកស្រី អ៊ឹង សាវណ្ណ ម្ចាស់ក្បាលដីលេខ ៥០៩ និង ៥១០ ។
រដ្ឋបាលខណ្ឌ ក៏បានចេញសេចក្តីជូនដំណឹង ឲ្យធ្វើការរុះរើតាមរយៈលិខិតលេខ ០៣៥ សជណ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ តម្រូវឲ្យលោកស្រី ធ្វើការរុះរើសំណង់ឃ្លាំង ដែលបានសាងសង់លើផ្លូវសាធារណៈចេញ ។ ប៉ុន្តែលោកស្រី អ៊ឹង សាវណ្ណ មិនបានរុះរើសំណង់ដែលសង់លើផ្លូវសាធារណៈនោះចេញទេ និងបានដាក់ពាក្យស្នើសុំពន្យាពេលរុះរើរយៈពេល ៦ ខែ មករដ្ឋបាលខណ្ឌ រដ្ឋបាលខណ្ឌក៏បានទុកពេលឲ្យតាមការស្នើសុំរបស់ម្ចាស់សំណើរហូតដល់ខែវិចិ្ឆកា ឆ្នាំ២០២៤ លោកស្រី អ៊ឹង សាវណ្ណ នៅតែមិនព្រមរុះរើសំណង់ខាងលើចេញទេ ហើយក៏បានដាក់ពាក្យពន្យាទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុន្តែក្រសួងមិនបានយល់ព្រមតាមការស្នើសុំរបស់លោកស្រីនោះទេ និងបានចេញលិខិតបដិសេដ តាមរយៈលិខិតលេខ ០៥៤ ដនស ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ដូចនេះ រដ្ឋបាលខណ្ឌ បានចេញលិខិតតម្រូវឲ្យធ្វើការរុះរើសំណង់ខាងលើនេះជាលើកចុងក្រោយតាមលិខិត ០២១ សជណ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ តម្រូវឲ្យលោកស្រីធ្វើការរុះរើសំណង់ខាងលើចេញពីផ្លូវសាធារណៈក្នុងរយៈពេល ៧ ខែ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្នុងករណីលោកស្រី អ៊ឹង សាវណ្ណ មិនអនុវត្តតាមការជូនដំណឹងខាងលើនេះទេ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់ខាងលើចេញ ពីផ្លូវសាធារណៈ និងចាត់វិធានការច្បាប់ចំពោះលោកស្រី អ៊ឹង សាវណ្ណ ជាធរមាន ។