លោក សាយ សំអាល់ សូមអរគុណ និងអបអរសាទរ ចំពោះសមិទ្ធផលការងារដែលរដ្ឋបាលខេត្តកំពតសម្រេចបាន​ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ!

ខេត្តកំពត៖ លោក សាយ សំអាល់ សូមអរគុណ និងអបអរសាទរចំពោះសមិទ្ធផលការងារដែលរដ្ឋបាលខេត្តកំពតសម្រេចបាន​ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ កិច្ចការនេះ អាចសម្រេចទៅបានដោយសារមានការចូលរួម​សហការយ៉ាងសកម្ម មិនអាចខ្វះបាន ជាពិសេសក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ដែលបានចុះជាប់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាជន ប្រកបដោយឥរិយាបថទទួលខុសត្រូវខ្ពស់។ 

ទន្ទឹមនឹងសមិទ្ធផលការងារប្រចាំឆ្នាំដែលរដ្ឋបាលខេត្តកំពតសម្រេចបាន និងផ្អែកលើស្ថានភាព​សេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ ខ្ញុំសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរជំនាញ និងផ្នែកពាក់ព័ន្ធគ្រប់កម្រិតបន្តខិតខំដោយចាប់ផ្តើមពីការគិតគូរដល់ការរៀបចំទឹក ភ្លើង ផ្លូវ មនុស្ស និងបច្ចេកវិទ្យា ស្របតាមអនុសាសន៍ និងការដឹកនាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ 

ចំនុចអាទិភាពដែលរដ្ឋបាលខេត្តគួរផ្តោតជាចាំបាច់នោះ គឺការស្គាល់ពីតម្រូវការជាក់ស្តែង សក្តានុពល និងបញ្ហាប្រឈមរបស់ខេត្តផ្ទាល់ក៏ដូចជាភូមិសាស្ត្រតំបន់ឆ្នេរជារួម។ ជាបឋមគឺការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានប្រសិទ្ធភាព តាមរយៈការបន្ថែមជំនាញពាក់ព័ន្ធនឹងបំណិនជីវិតឱ្យស្របទៅនឹងសភាពការណ៍ និងលក្ខខណ្ឌចាំបាច់របស់ទីផ្សារការងារនៅក្នុងតំបន់នេះ។

 ការគិតគូរពីប្រភពផ្គត់ផ្គង់ទឹកនៅក្នុងខេត្តឱ្យបានគ្រប់គ្រាន់ តម្លៃសមរម្យ បំពេញតម្រូវការក្នុងវិស័យកសិកម្ម ដើម្បីធានាដល់ការដាំដុះបន្លែ ចិញ្ចឹមសត្វ សម្រាប់ចម្អិនម្ហូបអាហារមានឱជារស គុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ក្នុងបរិមាណគ្រប់គ្រាន់ស្របតាមតម្រូវការ។ 

 ក្នុងវិស័យឧស្សាហកម្មទេសចរណ៍ បន្ថែមលើគោលដៅកំសាន្តជាជម្រើសតាមបែបធម្មជាតិ ជាអាទិ៍ ភ្នំ ព្រែក និងឆ្នេរ ដែលមានខ្យល់អាកាសល្អ និងទេសភាពសម្បូរបែបទៅតាមរដូវកាលសម្រាប់ភ្ញៀវជាតិ-អន្តរជាតិ រដ្ឋបាលខេត្តគួរបន្តយកចិត្តទុកដាក់លើកស្ទួយជាបេក្ខភាពគោលដៅទាក់ទាញទេសចរថ្មីបែបប្រពៃណី នោះគឺសហគមន៍នេសាទ ដែលមានសក្តានុពលស្រូបទាញយកចំណូលពីភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងការវិនិយោគលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលមិនទាមទារឱ្យចំណាយច្រើនដូចជា ចំណតរថយន្ត ផ្លូវចូលសហគមន៍ និងបន្ទប់ទឹកមានអនាម័យ។ 

លោក សាយ សំអាល់ អំពាវនាវបន្តចូលរួមលើកកម្ពស់សុខភាពសាធារណៈឱ្យបានកាន់តែទូលំទូលាយ។ ថ្វីត្បិតតែយើងមានកម្មវិធីជាតិជំនួយសង្គម (ប.ស.ស) ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែទាំសុខភាពប្រជាពលរដ្ឋ រដ្ឋបាលខេត្តគួរបន្តយកចិត្តទុកដាក់ដល់ការរៀបចំទីក្រុងឱ្យមានលម្ហបៃតង ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពកីឡាបែបកម្សាន្ត ដើម្បីលើកស្ទួយសុខុមាលភាពរបស់ប្រជាជន ព្រមទាំងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយជាសាធារណៈជាប្រចាំ អំពីចំណេះដឹងទូទៅពាក់ព័ន្ធសុខភាពសាធារណៈ ដើម្បីឱ្យយុវជនជំនាន់ក្រោយ ចៀសឆ្ងាយពីការសេពគ្រឿងស្រវឹង គ្រឿងញៀន និងភេសជ្ជៈប៉ូវកម្លាំងដែលបង្កបញ្ហាដល់សុខភាពតាំងពីវ័យក្មេង។ 

កិច្ចការនេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាការវិនិយោគថែទាំគុណភាពធនធានបន្តវេន របស់សង្គមជាតិ ជួយកាត់បន្ថយការចំណាយមិនចាំបាច់របស់គ្រួសារនីមួយៗនាពេលបច្ចុប្បន្ន និងបានចូលរួមចំណែករក្សាប្រាក់សន្សំរបស់ជាតិបានយ៉ាងច្រើន។

បន្ថែមលើការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងមូលដ្ឋាន រដ្ឋបាលខេត្តគួរយកចិត្តទុកដាក់ពង្រឹង និងលើកកម្ពស់យន្តការយុត្តិធម៌ តាមរយៈការបន្តសម្របសម្រួលនិង​ដោះស្រាយរាល់បញ្ហារបស់ប្រជាជន ដោយមិនរើសអើង និងប្រកបដោយភាពអត់ធ្មត់។  

ក្រៅពីសក្តានុពលជាគោលដៅទេសចរមានប្រជាប្រិយ៍ក្នុងប្រទេស កំពតក៏ជាទីតាំងមួយមាន លក្ខខណ្ឌអំណោយផល សម្រាប់ការគិតគូររៀបចំមជ្ឈមណ្ឌលថែទាំមនុស្សវ័យជរា ឬវ័យចំណាស់មានជម្ងឺត្រូវការថែទាំជាប្រចាំ ដែលមុខងារនេះ នឹងផ្តល់ឱកាសការងារ ប្រភពចំណូលបន្ថែម តាមរយៈជំនាញថែទាំតាមបែបវេជ្ជសាស្ត្រ និងបដិសណ្ឋារកិច្ចប្រកបដោយគុណតម្លៃសម្រាប់សង្គមជាតិ។

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៣ ខែមករា ២០២៥។

អត្ថបទដែលជាប់ទាក់ទង
Open

Close