សុខចិត្ត ផ្ដិតមេដៃបញ្ចប់វិវាទ ហើយ ករណី ទំនាស់រវាង អាជីវករពិឃាតសត្វ និងអ្នកទារភាស៊ី នៅផ្សារព្រែកដំបូក

កំពង់ចាម ៖ ទំនាស់រវាង អាជីវករ ពិឃាតសត្វ និងអ្នកទារ ភាស៊ី នៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឯកភាពទទួលយកដំណោះស្រាយ តាមគោលនយោបាយឈ្នះឈ្នះ របស់រដ្ឋបាលខេត្តកំពង់ចាម ។
កិច្ចប្រជុំដោះស្រាយវិវាទនេះ បានប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ ដឹកនាំកិច្ចប្រជុំដោយ លោក លី សារ៉ារិទ្ធ អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងមន្ទីរពាក់ព័ន្ធ នៅផ្សារព្រែកដំបូក នៅស្រុកស្រីសន្ធរ ។
ក្រោយពីបានប្រជុំសម្របសម្រួល របស់ លោកប្រធានអង្គប្រជុំ ជាមួយភាគីទំនាស់រវាងម្ចាស់វិនិយោគភេទប្រុស ឈ្មោះ ឈន សុីវឡេង និង អាជីវករចំនួន៤នាក់ ទី ១ឈ្មោះ ហុង គឹម ទី២ ឈ្មោះ ថន ស្រីអូន ទី៣ ឈ្មោះ សុក គឹមអាង និងទី៤ ភេទ ឈ្មោះ ហួត ប៉ោងលាង បានយល់ព្រមបញ្ចប់សំណុំរឿងវិវាទ ដោយត្រូវអនុវត្តដូចខាងក្រោម
១ ម្ចាស់វិនិយោគ ត្រូវអនុវត្តទៅតាមសៀវភៅបន្ទុក ភាស៊ី សត្វឃាត
២ ម្ចាស់វិនិយោគ ត្រូវទទួលបន្ទុកលើការចំណាយលើថ្លៃអគ្គិសនី ទឹក
៣ អាជីករ ត្រូវទទួលបន្ទុកលើចំណាយលើថ្លៃអុសដុតដោយខ្លួនឯង
៤ អាជីករ យល់ព្រមដកពាក្យបណ្ដឹងពី រដ្ឋបាលខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្ដិតមេដៃទៅ
៥ រដ្ឋបាលស្រុកស្រីសន្ធរ ត្រូវទទួលការងារពិនិត្យតាមដាន អនុវត្តការងារយក ភាសុី របស់ម្ចាស់ វិនិយោគ ពីអាជីករ ពិឃាតសត្វ ។
ក្នុងករណីនេះដែរ គូភាគីទាំងសងខាង សុខចិត្ត ផ្ដិតមេដៃបញ្ចប់វិវាទ ភាស៊ី សត្វឃាតដ្ឋាន នៅមុខក្រុមការងារសម្របសម្រួលទំនាស់សត្វឃាត ចាប់ពីពេលនេះទៅ ៕
ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម
អត្ថបទដែលជាប់ទាក់ទង
Open

Close