ខេត្តកំពង់ធំ ៖ បណ្តាញសង្គម មួយ បានផ្សាយថា មាន ករណី ចោរគាស់ផ្ទះ ចូលលួចលុយចំណងដៃ អស់ជិត២ម៉ឺនដុល្លារ កាលពី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ មករា ២០២៥នេះ ក្នុងភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជុំវិញករណីនេះ លោក ហេង សុផល ស្នងការខេត្តកំពង់ធំ បញ្ជាក់ប្រាប់ TNN NEWS ថា មិនមែន ជាករណី គាស់ផ្ទះទេ បើគាស់ គឺមានគាស់ជញ្ជាំង ទ្វារ បង្អួចហើយ ករណី នេះ ជាករណី បន្លំលួច។ លោកស្នងការ បន្តថា លោកឆ្លើយតបយឺត ដោយសារ ជាប់ប្រជុំ ពីព្រឹកដល់ល្ងាច។
ដោយឡែក លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បញ្ជាក់ប្រាប់ TNN NEWS នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ថា សមត្ថកិច្ចជំនាញ រាយការណ៍ប្រាប់ថា មិនមែនជាករណីគាស់ផ្ទះទេ ដូចជាករណីបន្លំលួចលុយ សមត្ថកិច្ចជំនាញ កំពុងធ្វើការរឿងនេះ។