រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ចូលរួមការពារសេចក្តីព្រាងច្បាប់ចំនួន ២ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ចូលរួមការពារសេចក្តីព្រាងច្បាប់ចំនួន ២ ដែលរៀបចំដោយក្រសួងយុត្តិធម៌ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់ចំនួន ២ ដែលរៀបចំដោយក្រសួងយុត្តិធម៌នេះ រួមមាន ៖
(១)-សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ
(២)-សេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក។
ជាលទ្ធផល, សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តឯកភាពទាំងស្រុង និងឱ្យបន្តនីតិវិធីក្នុងការស្នើសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់ទាំង ២ នេះ ចូលជាធរមាន និងអាចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ។






