ប៉ូលិសឃាត់ខ្លួន អ្នកដឹកជញ្ជូនក្រុមហ៊ុន wownow ម្នាក់, ចុងភៅ, សិស្ស និងជាងឡនំបុ័ង ម្នាក់ ករណី ហិ.ង្សា នៅចំណុចមុខស្ថានីយ៍ ប្រេង PTT
ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២០ និង៥០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌសម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធ ករណី ហិង្សាដោយចេតនា នៅចំណុចលើផ្លូវម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រព្រឹត្តបទល្មើសនៅចំណុចមុខស្ថានីយ៏ចាក់ប្រេងសាំង PTT ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់៖
១-ឈ្មោះ យឹម បញ្ញារាជសីហ៍ ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូនក្រុមហ៊ុន Wownow ស្នាក់នៅផ្ទះពុំចាំលេខ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
២-ឈ្មោះ រ៉ូន រ៉ូណាន់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅផ្ទះពុំចាំលេខ សង្កាត់ស្នោរ ខណ្ឌកំបូល។
៣-ឈ្មោះ សៀងហយ សុភត្រា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩ វិទ្យាល័យឥន្រ្ទទេវី ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
៤-ឈ្មោះ សែន សុខសាន្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងឡនំបុ័ង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
វត្ថុតាងចាប់យកមាន៖ មួកការពារសុវត្ថិភាពចំនួន០៣, ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JV-4160។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕