បង្ហោះ Tiktok ចោទប្រកាន់ ប៉ូលិសចរាចរណ៍ ស្ទូចឡាន យកលុយ នៅមុខសួនច្បារវត្តបុទុម

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បំភ្លឺ ជុំវិញ បុរសម្នាក់ ដែលមានអាខោន Tiktok ឈ្មោះ បូរ៉ាត់ ចិត្តធម៌ បានបង្ហោះវិដេអូចោទប្រកាន់មន្ត្រីនគរបាលចរាចរណ៍ ស្ទូច រថយន្ត យក ថវិកា ពីម្ចាស់រថយន្ត នៅមុខសួនច្បារវត្តបុទុម លើផ្លូវសុធារសបន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម Tiktok ពាក់ព័ន្ធបុរសម្នាក់ដែលមានអាខោន Tiktok ឈ្មោះ បូរ៉ាត់ ចិត្តធម៌ បានបង្ហោះវីដេអូ ចោទមន្ត្រីនគរបាលចរាចរណ៍ បានយកថវិកា ពីម្ចាស់ រថយន្ត ១គ្រឿង ដែលចតល្មើសផ្លាកសញ្ញាចរាចរណ៍ ហាមចត។ ជាមួយគ្នានេះដែរ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ក៏បានធ្វើការស្រាវជ្រាវករណីនេះ។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការកោះហៅមន្ត្រីនគរបាលចរាចរណ៍០២រូប បំពេញការងារប្រើប្រាស់រថយន្តស្ទូច ពាក់ផ្លាកលេខ នប-៨០០៤ មកធ្វើការបំភ្លឺសួរនាំជុំវិញការចោទប្រកាន់ខាងលើ។
ពាក់ព័ន្ធ ករណីនេះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១០ព្រឹក មន្ត្រីនគរបាលចរាចរណ៍ដែលបំពេញការងារប្រើប្រាស់រថយន្តស្ទូចខាងលើបានធ្វើការល្បាតរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណៈនោះបានឃើញរថយន្ត១គ្រឿង ពណ៌ផ្ទៃមេឃ មិនចាំម៉ាក ចតទុកចោល នៅមុខសួនច្បារវត្តបុទុម លើផ្លូវសុធារស នៅកន្លែងផ្លាកសញ្ញាចរាចរណ៍ ហាមចត ពេលនោះមន្ត្រីនគរបាលចរាចរណ៍ ដែលបំពេញការងារក៏បានស៊ីរ៉ែនរកម្ចាស់រថយន្ត បន្ទាប់ពីឮសំឡេងស៊ីរ៉ែន ម្ចាស់រថយន្តមកដល់ជួបជាមួយមន្ត្រីនគរបាលចរាចរណ៍នៅកន្លែងរថយន្តចត ខណៈនោះមន្ត្រីនគរបាលចរាចរណ៍បានធ្វើការអប់រំណែនាំគាត់ឱ្យយល់ដឹងពីផ្លាកសញ្ញាចរាចរណ៍ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈ។
បន្ទាប់ពីពន្យល់ណែនាំរួច ម្ចាស់រថយន្តបានទទួលស្គាល់កំហុស រួចបានបើករថយន្តចេញទៅ ដោយមន្ត្រីនគរបាលចរាចរណ៍មិនបានផាកពិន័យនោះទេ ចំណែកម្ចាស់អាខោន Tiktok ឈ្មោះ បូរ៉ាត់ ចិត្តធម៌ ដែលថតបង្ហោះចោទប្រកាន់សមត្ថកិច្ច គ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរកងកម្លាំងនគរបាលជាតិ សមត្ថកិច្ចស្នើឱ្យម្ចាស់អាខោន Tiktok ខាងលើ សូមកែសម្រួលការធ្វើអធិប្បាយខ្លឹមសារឱ្យមានការទទួលខុសត្រូវ ដើម្បីចៀសវាងកុំឱ្យមហាជនមានការយល់ច្រឡំ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close