លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងទទួលថវិកា១លានដុល្លារពីក្រុមហ៊ុនជីបម៉ុង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ បុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផា និងទទួលថវិកាចំនួន១លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនជីបម៉ុងគ្រុប សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា នាមន្ទីរពេទ្យគន្ធបុប្ផាជិតវត្តភ្នំ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាទាំងអស់។ ខណៈនេះដែរលោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ និងការលះបង់ដ៏ធំធេងពីសំណាក់ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការរួមគ្នាផ្តល់សេវាពិនិត្យ និងព្យាបាល ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិតបានអរគុណ ដល់ក្រុមហ៊ុនជីបម៉ុងគ្រុប ដែលបានបរិច្ចាគថវិកាចំនួន១លានដុល្លារអាម៉េរិក ដល់មូលនិធិគន្ធបុប្ផាកម្ពុជា តបតាមការអំពាវរបស់លោកជំទាវ។ លោកជំទាវបានឱ្យដឹងថា ក្រុមហ៊ុនជីបម៉ុងគ្រុប តែងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិ តាមរយៈសកម្មភាពផ្សេងៗដូចជា ការបរិច្ចាគថវិកាសម្រាប់ទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ១៩ (Rapid Test), ការបរិច្ចាគដល់កាកបាទក្រហមកម្ពុជា,ការបរិច្ចាគថវិកាសម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់, បរិច្ចាគដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA), បរិច្ចាគដល់មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន,បរិច្ចាគថវិកាដើម្បីទិញវ៉ាក់សាំងកូវីដ១៩ និងការបរិច្ចាគ ចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលបានប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» និងការចូលរួមបរិច្ចាគសាងសង់មន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងការបរិច្ចាគដទៃច្រើនទៀត។ កាយវិការ នៃការបរិច្ចាគថវិការបស់ក្រុមហ៊ុន ជីប៉ម៉ុងគ្រុប នាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងពីមហាជន ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន។

ជាមួយគ្នានេះលោកជំទាវ ក៏សូមកោតសរសើរ ដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមសាធារណជនទាំងអស់ ចំពោះកិច្ចសហការខ្ពស់ និងការចូលរួមបរិច្ចាគថវិកា ទោះជាតិចក្តីច្រើនក្ដី តាមលទ្ធភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា នាពេលកន្លងមក ដែលនេះជាការរួមចំណែកដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន ក្នុងបេសកកម្មសង្គ្រោះជីវិត ទារក កុមារ និងស្ត្រីមានផ្ទៃពោះ រាប់លាននាក់នៅកម្ពុជានាពេលកន្លងមក។ ក្នុងន័យនេះលោកជំទាវបណ្ឌិត បានអំពាវនាវជាថ្មីម្តងទៀត ដល់សាធារណៈជនទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាបន្តរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងនាំស្នាមញញឹមដល់ ទារក និងកុមារកម្ពុជា។

សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាមូលនិធិជាតិផ្លូវការតែមួយគត់របស់កម្ពុជា ត្រូវបានផ្តួចផ្តើមបង្កើតឡើង និងសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងកៀរគរថវិកាសប្បុរសធម៌ ពីប្រភពស្របច្បាប់នានា ទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាក្នុងស្មារតី “ខ្មែរជួយខ្មែរ” រក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលក្នុងមួយឆ្នាំៗមន្ទីរពេទ្យនេះត្រូវការចំណាយជាមធ្យម ប្រមាណជាង៤០លានដុល្លារអាម៉េរិក៕

អត្ថបទដែលជាប់ទាក់ទង
Open

Close