អភិបាលខេត្តកំពង់ចាម​ បញ្ជូន​ទឹក​ជួយ​សង្គ្រោះ ​ស្រូវ​ប្រាំង​ជិត​ ​១ម៉ឺន​ហិកតា​ តាម​ការ​ស្នើសុំ​របស់​ អាជ្ញាធរ​​ខេត្ត​ព្រៃវែង​

កំពង់ចាម​៖ បន្ទាប់ពី​មាន​ការ​ស្នើសុំ​របស់​អាជ្ញាធរ​ខេត្ត​ព្រៃវែង​ នារសៀលថ្ងៃទី​២២​ ខែមករា​​ ឆ្នាំ​២០២៥​នេះ​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ​ស្រោចស្រព​ វ៉ៃកូ​ ជំហាន​១​ ស្ថិតក្នុង​ឃុំមហាលាភ ស្រុកកោះសូទិន ដើម្បី​បូម​ទឹក​ជួយសង្គ្រោះស្រូវប្រាំងជិត​ ១ម៉ឺន​ហិកតា របស់​ប្រជាកសិករ​ ចំនួន​ ១៣ឃុំ​ ក្នុង​ស្រុក​ចំនួន​ ៣ នៃ​ខេត្តព្រៃវែង​ ដែលប្រឈមនឹងការខ្វះទឹក​ ។
ក្នុង​ឱកាស​អមដំណើរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ រួមនឹងឯកឧត្តម​ ​សួន សុម៉ាលីន អភិបាលខេត្ត​ព្រៃវែង​ និង​ឯកឧត្ដម​ ស្បោង​ សារ៉ាត់​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តព្រៃវែង​ អញ្ជើញ​ចុះ​ពិនិត្យ​លិទ្ធនៃការភាព​បូម​ទឹក​ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​នេះដែរ​​ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម​ បានឱ្យដឹងថា​ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព​ វ៉ៃកូ​ ជំហាន​១​ មាន​ម៉ូទ័រ​អគ្គិសនី​ខ្នាត​ធំ​ ចំនួន​៩គ្រឿង​ ដោយ​ក្នុង​ ​១គ្រឿង​មាន​លទ្ធភាព​បញ្ជូន​ទឹក​បាន​ចំនួន​ ១៤០០០ម៉ែត្រគូប​ ក្នុង​ ​១ម៉ោង​ និង​ប្រេីប្រាស់​ថាមពល​អគ្គិសនី​អស់​ចំនួន​ ៤៦០​គីឡូវ៉ាត់​ ក្នុង​ ​១ម៉ោង​ ចំពោះ​កម្លាំង​​​បញ្ជូន​ទឹក​វិញ​ គឺ​មាន​ចម្ងាយ​ជាង​ ​១០០គីឡូម៉ែត្រ​ឯណោះ​ ។
លោក​ប្រធាន​មន្ទីរ​ធនធាន​ទឹក​ បាន​បន្ត​ថា​ ប្រព័ន្ធ​ធារាសាស្ត្រ​​ស្រោចស្រព​វ៉ៃកូ​ជំហាន១ នេះ​ មានតួនាទីនាំប្រភពទឹក ពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី ធ្វើជាប្រភពទឹកស្រោចស្រព លើផ្ទៃដីកសិកម្មក្នុង​ខេត្ត​កំពង់ចាម​ ជាពិសេស​បំផុត​នោះ​ គឺ​ខេត្តព្រៃវែង និង​ខេត្ត​ស្វាយរៀង ដែល​តែងតែ​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ សម្រាប់​ប្រជាកសិករ​យេីង​ធ្វើ​ស្រែ​នៅ​រដូវ​ប្រាំង​ ក៏ដូចជា​ការ​​បង្កបង្កេីនផល​ដំណាំ​ផ្សេងៗ​ ផងដែរ​ ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close