ផេក ហ្វេសប៊ុក មួយ បង្ហោះខ្លឹមសារ ចោទប្រកាន់ថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបាន ដីជាង៤០ហិកតា ប៉ះពាល់២០គ្រួសារ ធ្វើជាកម្មសិទ្ធិរបស់ម្តាយខ្លួន! រដ្ឋបាលខេត្ត បំភ្លឺ…!

រដ្ឋបាលខេត្តកំពត សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុកម៉ែ បង ប្អូន ប្រជា ពលរដ្ឋក្នុងខេត្តកំពត និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ មានផេក ហ្វេសប៊ុក ឈ្មោះ ថ្មី-Thmey បានបង្ហោះនូវខ្លឹមសារចោទប្រកាន់ថា (ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបាន ដីជាង៤០ហិកតា ប៉ះពាល់២០គ្រួសារ ធ្វើជាកម្មសិទ្ធិរបស់ម្តាយខ្លួន)។

ករណីនេះ រដ្ឋបាលខេត្តកំពត សូមជម្រាប ជូនពុកម៉ែ បង ប្អូន ប្រជាពលរដ្ឋក្នុងខេត្តកំពត និងសាធារណៈមតិមេត្តាជ្រាបថា ៖ ការបង្ហោះខាងលើគឺជាចេតនា បង្ហោះព័ត៌មានក្លែងក្លាយបង្កឲ្យមានការភាន់ច្រឡំពីសាធារណៈមតិ ឲ្យមាន ការ រើសអើងមកលើមន្ត្រីរាជការសាធារណៈ ករណីទីតាំងដែលសារព័ត៌មានវីអូឌី បានលើកឡើងគឺស្ថិតភូមិទ្វាល្អាង ឃុំ ល្អាង ស្រុកដងទង់ ខេត្តកំពត ទីតាំងនេះមានអាស្រមលោកយាយម៉ៅនៅក្រោមជើងភ្នំជាប់ផ្លូវជាតិលេខ៣ ដែល ប្រជាពលរដ្ឋក្នុងខេត្តកំពត ដ៏ដូចជាសាធារណៈជនធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៣ ចាត់ទុកជាទីសក្ការៈ ដ៏ ស័ក្តិសិទ្ធិ តែងតែចូលគោរពបូជា បនស្រន់ តាមជំនឿរៀងៗខ្លួន។ រាល់ពេលមានកម្មវិធីបុណ្យជាតិសំខាន់ៗ ឬថ្ងៃ ឈប់សម្រាក ផ្សេងៗ ទីតាំងនេះមានសភាពកកស្ទះ និងមានគ្រោះថ្នាក់ជារឿយៗ ហេតុដូចនេះហើយបានជាមាន សំណូមពរពីព្រះសង្ឃ លោកតាជី លោកយាយជី និងប្រជាពលរដ្ឋក្នុងខេត្តកំពត និងដោយមានការឯកភាពពីក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តទាំងអស់ ទើបឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ផ្តួចផ្តើម សាងសង់ទីសក្ការៈអាស្រមលោកយាយម៉ៅ នៅខាងលើភ្នំទ្វាវិញ ទល់មុខអាស្រមចាស់ ដែលជាអចលនទ្រព្យ គ្រប់គ្រងដោយមន្ទីរធម្មការ និងសាសនាខេត្ត។

ចំពោះការលើកឡើងរបស់សារព័ត៌មានវីអូឌី ថាទីដីនោះជារបស់ប្រជាពលរដ្ឋប្រមាណជា២០គ្រួសារនោះ ដោយគ្មាន មូលដ្ឋាន ក្នុងចេតនា ភូតកុហកសាធារណៈមតិ មូលបង្កាច់មកមន្ត្រីរាជការសាធារណៈ ដើម្បីឲ្យមានការ រើសអើង ភាន់ច្រឡំ ដល់យន្តការដឹកនាំគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពតពីសាធារណៈមតិ ដែលកន្លងមករដ្ឋបាល ខេត្តបានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺម្តងរួចមកហើយ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៤ តាមការលើកឡើង របស់គណនីលោក Jame Sok Show ។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុកម៉ែ បង ប្អូន ប្រជាពលរដ្ឋក្នុងខេត្តកំពត និងសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

អត្ថបទដែលជាប់ទាក់ទង
Open

Close