ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល
បានដឹកនាំក្រុមការងារលេខាធិកាដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមមានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្ម មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះមកពិនិត្យដល់ទីតាំងដីស្រែ ដើម្បីជួយស្វែងរកប្រភពទឹកអន្តរាគមន៍លើបញ្ហាខ្វះខាតទឹក សម្រាប់ធ្វើស្រែចំការ ចំនួនជាង ២០០០ ហិកតា ស្ថិតនៅឃុំក្រាំងយ៉ូវ ឃុំស្រែអំបិល និងឃុំកោះខែល ស្រុកស្អាង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា បានជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាកសិករ ព្រមទាំងបានពិនិត្យដោយផ្ទាល់ជាមួយប្រជាកសិករ ទៅតាមទីតាំងជាក់ស្តែងចំនួន ៧ទីតាំង រួមមានទីតាំងដាក់ម៉ាស៊ីនទឹកបូបយកលុយ ទីតាំងប្រភពទឹកអូលលៃ ទីតាំងប្រភពទឹកអន្តរឃុំ ទីតាំងស្ទឹងតូចជ្រែ ទីតាំងប្រឡាយស្លែងតូច ទីតាំងប្រឡាយ ៩៦ និងប្រឡាយព្រែកជីក រំដោះទឹកពីព្រលានយន្តហោះ ទីតាំងប្រឡាយស្លែងធំ ទីតាំងស្ពានព្រែកគង់ ស្ថានីយ៍បូមទឹកកាវ៉ាក់ និងទីតាំងប្រឡាយអូរអណ្តូង។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ជាដំដោះស្រាយចំពោះមុខនេះគឺអាជ្ញាធរខេត្ត និងជួយស្តារប្រឡាយភ្ជាប់ទៅបឹង ៥០០ ឬបឹងជើងលោង ឲ្យមានប្រភពទឹកធ្លាក់ពីអូរអណ្តូង មកទីតាំងប្រឡាយដើមគរ បន្តរហូតទៅបឹងអូរលលៃ ដើម្បីយកទឹកមកផ្គត់ផ្គង់ដល់ដីស្រែប្រាំង ស្ថិតនៅក្នុងឃុំក្រាំងយ៉ូវ ១១៥០ហិកតា។ ដោយឡែកប្រភពទឹកស្ទឹងតូចជ្រៃ ក្រុមការងារសម្រេចស្នើសុំដាក់ម៉ាស៊ីនបូមទឹកសង្គ្រោះ មានមុខកាត់ ០,៣តឹក ចំនួន ២គ្រឿង ដើម្បីជួយបូមអន្តរាគមន៍ចូលប្រឡាយមេប្រវែង ១,៥គីឡូម៉ែត្រ ដែលភ្ជាប់ប្រឡាយអន្តរឃុំ ប្រវែងប្រមាណ ៥គីឡូម៉ែត្រ សម្រាប់យកទឹកមកផ្គត់ផ្គង់ដល់ដីស្រែប្រាំងទំហំប្រមាណជាង ១០០០ ហិកតា នៅឃុំកោះខែល ឃុំព្រែកអំបិល និងមួយផ្នែកទៀតនៃឃុំក្រាំងយ៉ូវ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្តបានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ សូមជួយផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឲ្យធ្វើការដាំដុះស្រូវប្រាំងទៅតាមបរិមាណទឹកដែលមានជាក់ស្តែង ជៀសវាងមិនមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលធ្វើឲ្យមានការខាតបង់ ទន្ទឹមនឹងនេះ គួរអនុវត្តតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមលើផែនការលទ្ធភាពក្នុងការស្រោចស្រពស្រូវប្រាំង។ បន្ថែមពីលើនេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ដល់មូលដ្ឋានដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍បន្ថែមទៀត ត្រូវខិតខំបូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត ដោយសារខ្វះទឹក ពោលគឺមិនត្រូវទុកឲ្យមានការខូចខាត ដោយសារតែយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាពនោះឡើយ។
ដើម្បីសម្រួល និងដោះស្រាយឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ឯកឧត្តម ហាក់ សុខមករា ក៏បានស្នើដល់ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរស្រុកស្អាង ត្រូវត្រៀមកិច្ចសហការ ជាមួយស្ថានីយ៍បូមទឹកកាវ៉ាក់ ក្នុងការជួយផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តកណ្តាល មានស្រុកចំនួន ១ គឺស្រុកស្អាង រួមមាន៖ ឃុំក្រាំងយ៉ូវ ឃុំស្រែអំបិល ឃុំកោះខែល មានដីស្រែចំនួនជាង ២០០០ហិកតា ដែលបង្កបង្កើនផលស្រូវប្រភេទ OM 500 (ស្រូវប្រមូលផលក្នុងរយៈពេល ៣ខែ) ដែលអាចនឹងទទួលរងការគំរាមគំហែងពីការកង្វះទឹក។
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល