ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បញ្ជាក់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១៨ គ.ម (PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៩៦,១៦% ហើយ។
វឌ្ឍនភាពនេះរួមមាន៖ ការងារផ្លូវថ្នល់, ការងារស្ពាន, ការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រសម្រេចបាន៩៣%(គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ),ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេ។
នាពេលបច្ចុប្បន្ននេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម មានសភាពហុយ ពិបាកក្នុងការមើលផ្លូវ ។
បច្ចុប្បន្នកំណាត់ផ្លូវលេខ១០ មានស្ថានភាពដូចតទៅ៖ ពីpk0(សំឡូត)-pk60(ក្រពើពីរ)កៅស៊ូDBST ,ពីpk 60-pk 85 ក្រួសក្រហម និងកំពុងចាក់ថ្មធ្វេីស្រទាប់គ្រឹះ បាញ់កៅស៊ូ ,ពីpk 85-pk112(អូរសោម)កៅស៊ូ DBST,
ពីpk 112 -pk 175 កំពុងបាញ់កៅស៊ូ DBST( សូមបញ្ជាក់ផងដែរ ពីpk 122 ដល់pk129 យេីងប្រេីប្រាស់ចាស់ដែលជាផ្លូវក្រួសក្រហមវាងស្ពានខ្ពង់) ,និងពីpk 175-pk 198 (កោះកុង)កៅស៊ូDBST ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕












