បាត់ដំបង ៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៥និង១៥នាទី នៅចំណុចវាលចំការក្នុង ភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីផ្ទុះគ្រាប់មីន (តោន) បណ្តាលអោយមនុស្សម្នាក់ស្លាប់ ។
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានរាយការណ៍ថា ជនរងគ្រោះឈ្មោះ ថៃ សឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង រងរបួសជើងទាំងសងខាង និងក្បាល ហើយបានស្លាប់ក្រោយបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
លោកអធិការបន្តថា ជនរងគ្រោះបានបើករថយន្តច្នៃដឹកដំឡូងក្នុងវាលចំការ កិនចំមីនតោនដែលសល់ពីសង្រ្គាមបណ្ដាលអោយផ្ទុះ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ និងចំពោះរថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង ។
បច្ចុប្បន្ន សពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕