ខេត្តកំពង់ស្ពឺ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងសដឹកជញ្ជូន បញ្ជាក់ថា ជាអទិភាព និងតម្រូវការជាក់ស្តែង ស្ពានឈើ និងស្ពានដែក តូចចង្អៀត ចាស់ទ្រុឌទ្រោម ត្រូវបានជំនួសដោយបេតុងធំទូលាយ រឹងមាំ លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ(ឧទ្យានជាតិគីរីរម្យ) សថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
គម្រោងស្ថាបនាស្ពានបេតុង ២កន្លែងនេះ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះ រួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។
ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់ជាង៨០%ហើយ ក្រោមដំណើរការបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
ការដ្ឋានគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ នឹងដាក់ឱ្យដំណើរការប្រើប្រាស់នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះហើយ៕