សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពសំអាតមីនកម្ពុជា ដែលទទួលមរណភាពក្នុងឧបទ្ទវហេតុផ្ទុះមីនតោននៅក្នុងពេលបំពេញប្រតិបត្តិការដោះមីន
ភ្នំពេញ៖ ឧបទ្ទវហេតុផ្ទុះគ្រាប់មីន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានធ្វើឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានសេចក្ដីក្ដុកក្ដួល សោកសង្រេង និងសោកស្តាយឥតឧបមា ដែលឧបទ្ទវហេតុនេះ បណ្តាលឱ្យ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីននៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) និងជាអ្នកឯកទេសបោះសម្អាតមីន បានធ្វើពលិកម្ម ។
ក្នុងវេលាទុក្ខដ៏ក្រៀមក្រំនេះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត សូមចូលរួមរំលែកទុក្ខជាមួយ លោក និង លោកស្រី ជាក្រុមគ្រួសារនៃសព ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សហការី និងឯកទេសបោះសម្អាតមីន ទាំងអស់ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយ អនិច្ចលក្ខណធម៌ យ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់កូនប្រុសដ៏មាន គុណធម៌ សុជីវធម៌ កតញ្ញូ កតវេទិតាធម៌ ចំពោះជីដូន ជីតា លោកឪពុក អ្នកម្តាយ មីងមា បងប្អូនជាទីស្រឡាញ់ ទាំងអស់ ហើយក៏ជាការបាត់បង់នូវវីរជនស្នេហាជាតិដ៏បរិសុទ្ធ ដោយបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសលោកបានរួមចំណែក យ៉ាងសកម្ម ក្នុងការបោសសម្អាតមីន ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដើម្បីធានាបានថាប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុវត្ថិភាព បន្ទាប់ ពីសម័យសង្គ្រាម។
សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។