ប៉ីជីង៖ (Reuters) កាលពីយប់ថ្ងៃពុធ ក្រសួងសន្តិសុខសាធារណៈបាននិយាយថា ប្រទេសចិននឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះជនជាតិចិន ដែលបានធ្លាក់ចូលប្រតិបត្តិការឆបោកទៅកាន់ប្រទេសនានា រួមទាំងប្រទេសមីយ៉ាន់ម៉ាផងដែរ។
នៅក្នុងរបាយការណ៍ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV ក្រសួងបាននិយាយថា ក្រុមជនបោកប្រាស់នៅក្រៅប្រទេសបានបោកប្រាស់ពលរដ្ឋចិនដោយសន្យាផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ អាហារ ការស្នាក់នៅ និងថ្លៃសំបុត្រយន្តហោះ បន្ទាប់មកបានឃុំឃាំងនៅទីតាំងឆបោកតាមទូរគមនាគមន៍ដូចជាទីប្រជុំជន Myawaddy ជាប់ព្រំដែនមីយ៉ាន់ម៉ាជាមួយប្រទេសថៃ។
របាយការណ៍របស់ CCTV បានធ្វើឡើងបន្ទាប់ពីករណីដ៏ល្បីមួយពាក់ព័ន្ធនឹងតារាសម្តែងចិនម្នាក់ ដែលត្រូវបានគេរកឃើញបន្ទាប់ពីបានបាត់ខ្លួនកាលពីដើមខែនេះនៅក្នុងខេត្ត Tak ភាគខាងជើងប្រទេសថៃ។
នគរបាលថៃបាននិយាយថា ពួកគេជឿថាលោកជាជនរងគ្រោះនៃការជួញដូរមនុស្ស។
អត្ថបទផ្សព្វផ្សាយបាននិយាយថា ប្រទេសចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងជាមួយភ្នាក់ងារអនុវត្តច្បាប់របស់ប្រទេសដទៃដើម្បីសម្របសម្រួលការជួយសង្គ្រោះពលរដ្ឋដែលជាប់នៅក្រៅប្រទេស និងបង្ក្រាបទីតាំងឆបោកតាមទូរគមនាគមន៍។