បញ្ហាស្រូវ អូអឹម ធ្លាក់ថ្លៃ ! លោក ឃឹម ហ្វីណង់ ៖ ពេលវេលានេះ មិនមែនជាពេលកេងចំណេញ នយោបាយនោះទេ!

ភ្នំពេញ៖ បញ្ហាស្រូវ អូអឹម ធ្លាក់ថ្លៃ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ពេលវេលានេះ មិនមែនជាពេលកេងចំណេញ នយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយឱ្យត្រូវ ជំរុញឱ្យកសិករយើងងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជា ជំនួសពូជស្រូវរបស់ វៀតណាម វិញ ជាជាងទៅកាត់យកពាក្យសំដីត្រឹមតែជាង១នាទី នៃបទសម្ភាសជិត២០នាទី ហើយដាក់ចំណងជើងថា «រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ស្តី​បន្ទោស​កសិករ​» ក្នុងចេតនាព្យាយាមធ្វើឱ្យមានការយល់ច្រលំពីអត្ថន័យដើម និងបន្ទុចបង្អាក់ដល់ការ បញ្ចូនសារដ៏មានសារៈសំខាន់របស់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់បងប្អូនកសិករយើងក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ។ 

លោក លើកឡើងបែបនេះ លើគណនី ហ្វេសប៊ុក ផ្លូវការ របស់លោក នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

អ្នកនាំពាក្យរូបនេះ បន្តថា ការបក ស្រាយពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹមមិនមែនជាការដោះសារ ឬការស្តីបន្ទោសដល់កសិករ នោះទេ តែជាការវាយតម្លៃសភាពការណ៍យ៉ាងជាក់លាក់ នៃទីផ្សារអង្ករ លើសកលលោកពីសំណាក់អ្នកជំនាញ ដើម្បីផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវដល់បងប្អូនកសិករយើង រួមគ្នាដោះស្រាយបញ្ហាភ្លាមៗ និងត្រៀមរៀបចំដំណោះស្រាយនាពេលអនាគត ជៀសវាងការខាត បង់ពីហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត។

សាធារណៈជន ជាពិសេសពុកម៉ែបងប្អូនកសិករ ដែលកំពុងដាំស្រូវ អូ អឹម ទាំងអស់ អាចបើកចំហបេះដូង ហើយស្តាប់បទសម្ភាសទាំងមូលពីប្រភពផ្ទាល់ឱ្យបានដល់ ចប់ ដើម្បីទទួលបានខ្លឹមសារពិតប្រាកដ របស់ ឯកឧត្ត រដ្ឋមន្ត្រី ក្រសួងកសិកម្ម។

លោក ឃឹម ហ្វីណង់ បន្តថា បើមិនបានជួយអ្វីដោយផ្ទាល់ដល់កសិករយើងបាន យ៉ាងហោច ណាស់ សូមធ្វើចំណែកមួយនៃដំណោះស្រាយ ប្រសើរជាងការបង្កើនបន្ថែមនូវបញ្ហា។

អត្ថបទដែលជាប់ទាក់ទង
Open

Close