ឯកឧត្តម សាយ សំអាល់ ៖ អ្វីដែលយើងឃើញចំពោះមុខនៅថ្ងៃនេះ គឺផ្តើមចេញពីការបីបាច់ថែរក្សារបស់ឪពុកម្តាយ ក្នុងក្រុមគ្រួសារមួយ
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញក្នុងពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍លើកឡើងថា អ្វីដែលយើងឃើញចំពោះមុខនៅថ្ងៃនេះ គឺផ្តើមចេញពីការបីបាច់ថែរក្សារបស់ឪពុកម្តាយ ក្នុងក្រុមគ្រួសារមួយ។ ការបីបាច់ថែរក្សាកូនឱ្យទៅជាមនុស្សល្អ និង សកម្ម ក្នុងសង្គមនេះ បានធ្វើឱ្យមានការដឹកនាំប្រែក្លាយសហគ្រាសពីលក្ខណៈគ្រួសារមកជាឧស្សាហកម្មមួយដែលបានផ្តល់ការងារ និងប្រាក់ចំណូលជាច្រើនដល់ប្រជាជនកម្ពុជា និងចូលរួមយ៉ាងសំខាន់ ក្នុងការពង្រឹង ខឿនសេដ្ឋកិច្ច របស់កម្ពុជា។
ថ្ងៃនេះ ក្រុមហ៊ុន Golden Port SEZ Development Co., Ltd. បានឈានទៅពង្រីកការវិនិយោគ បន្ថែមទៀត ហើយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងអបអរសាទរនូវ សមិទ្ធផលថ្មី នេះ។
ឯកឧត្តម បានចាត់ទុកថា វឌ្ឍនភាព របស់ក្រុមគ្រួសារ និងមុខជំនួញ របស់ ក្រុមហ៊ុននាពេលនេះ ជាការកសាងមាតុភូមិជាទីស្រឡាញ់ របស់យើង ដែលគាត់នឹងធ្វើឱ្យសួនឧស្សាហកម្មនេះ កំណត់បាននូវជំនាញដែលកម្ពុជាអាចធ្វើបាន និងប្រកួតប្រជែងជាមួយពិភពលោក តាមរយៈផលិតផលទាំងអស់នេះ នឹងធ្វើឱ្យប្រាក់ចំណូល ជាច្រើនហូរ ពីក្រៅប្រទេសមកកម្ពុជា ហើយដែលនឹងផ្តល់ត្រលប់មកវិញនូវការងារជាច្រើនដល់ប្រជាជនកម្ពុជាធ្វើ មានប្រាក់ចំណូល ជាពិសេសប្រជាជននៅខេត្តព្រះសីហនុ ដែលនឹងមានផលវិជ្ជមានបន្តដល់អ្នកដាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ ដើម្បីលក់ធ្វើជាម្ហូប។















