អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យក្រុមគ្រូពេទ្យ នាំយកកុមារ រងគ្រោះដោយឆ្កែខាំម្នាក់ មកថែទាំព្យាបាល ដោយឥតគិតថ្លៃបន្ត នៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីទទួលវ៉ាក់សាំងចប់សព្វគ្រប់ហើយនោះ

ខេត្តកំព​ង់ចាម៖ បន្ទាប់ពីទទួលបានព័ត៌មាន ថា ក្មេងរងគ្រោះម្នាក់ បានចាក់វ៉ាក់សាំងចប់សព្វគ្រប់ នៅវិទ្យាស្ថានប៉ាស្ទ័រ រួចមកនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំឱ្យក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល រៀបចំរថយន្តសង្គ្រោះ ដឹកអ្នកជម្ងឺពីលំនៅឋាន ដើម្បី មកថែទាំនិងព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយឥតគិតថ្លៃ។ នេះបើតាម ការបញ្ជាក់ឲ្យដឹង ពីលោកវេជ្ជបណ្ឌិត គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នេះ។ 

លោកប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងដែរថា កុមារងគ្រោះ ឈ្មោះ ប្រាន សៀវហ័រ ភេទប្រុស អាយុ ០៧ឆ្នាំ រស់នៅភូមិ ប្រធាតុ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានរងរបួសជាច្រើនកន្លែង ដោយសារឆ្កែខាំ លើនៅក្បាល ។ កន្លងមក កុមាររងគ្រោះខាងលើ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ហើយបានចាក់វ៉ាក់សាំងចប់សព្វគ្រប់ នៅវិទ្យាស្ថានប៉ាស្ទ័រ ។ បច្ចុប្បន្ន  កុមាររងគ្រោះ ត្រូវបានបញ្ជូនទៅថែទាំព្យាបាល ដោយឥតគិតថ្លៃបន្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

បើតាមការអះអាង របស់គ្រូពេទ្យជំនាញ ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ ទាំងការតាមដាន ការចាក់វ៉ាក់សាំង និងការថែទាំ ព្យាបាល មកដល់ពេលនេះ កុមាររងគ្រោះខាងលើ មានស្ថានភាពល្អប្រសើរធម្មតា វិញហើយ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close