បាត់ដំបង ៖ អគ្គិភ័យឆេះព្រៃ រាលចូល ចំការស្វាយ របស់ប្រជាពលរដ្ឋ អស់ចំនួន៣៥ ហិកតា បង្កអោយមានការភ្ញាក់ផ្អើលដល់ អាជ្ញាធរ និង សមត្ថកិច្ច ស្រុករតនមណ្ឌល ចេញរថយន្តពន្លត់អគ្គីភ័យ ចុះជួយអន្តរាគមន៍ ភ្លាមៗ នៅទីតាំងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១៣ និង ៣០ នាទី រសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៥ ចំណុចភ្នំស្លឹក ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ច បញ្ជាក់អោយដឹងថា ចំការ ដែលត្រូវអគ្គិភ័យ ឆាបឆេះនោះ គឺជា កម្មសិទ្ធិ របស់ អ្នកស្រី ង៉ូវ មួយហៀង ភេទស្រី អាយុ៦០ឆ្នាំ មានស្រុកកំណើត នៅរាជធានីភ្នំពេញ។
ចំពោះទំហំ នៃការខូចខាតរួមមាន គឺ ឆេះ ដើមស្វាយ ចំនួន ១៥០០០ ដើម និង ដើមឈើហូបផ្លែ ផ្សេងទៀត អស់ជាច្រើនដើម។
ចំណែក រថយន្តពន្លត់អគ្គិភ័យ ចេញពីស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបងចំនួន២គ្រឿង រថយន្ត ស្រុកបាណន់ ១គ្រឿង ស្រុកសំឡូត ១គ្រឿង និង រថយន្ត១គ្រឿងទៀតចេញពីស្រុករតនមណ្ឌល សរុបទាំងអស់ចំនួន៥គ្រឿង និងប្រើប្រាស់ទឹក ពន្លត់អស់ចំនួន៩ឡាន ទើបអណ្តាតភ្លើង រលត់អស់ ដោយជោគជ័យ។
សមត្ថកិច្ច បញ្ជាក់ថា មូលហេតុ នៃការឆេះចំការខាងលើ បណ្តាលមកពីភ្លើងឆេះព្រៃ រាលចូលក្នុងចំការ ហើយ ករណីនេះ មិនមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ៕
ដោយ ៖ សុខ កុសល