លោក ជិន ប៊ុនធឿន ៖ ការចុះបញ្ជីក្បាលដី គឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ
ភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ទី ០៨ ខែមករា ឆ្នាំ ២០២៥ នេះ នៅវិហារធំគីឡូម៉ែត្រលេខ៩ ខណ្ឌប្ញស្សីកែវ មានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់កម្មសិទ្ធិករ ស្ថិតនៅក្នុងភូមិ១ ភូមិ២ ភូមិ៣ និងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអភិបាលខណ្ឌប្ញស្សីកែវ និងលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម
សំណង់ និងសុរិយោដី រាជធានីភ្នំពេញ។
នាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានលើកឡើងថា ការចុះបញ្ជីក្បាលដី បានផ្តល់នូវសារប្រយោជន៍ដល់ប្រជាពលរដ្ឋយើង គឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ជូនគាត់ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុនាពេលនេះទៀតសោតមានសារៈសំខាន់សម្រាប់ធ្វើជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួននិងចៀសវាងនូវការរំលោភបំពានលើដីធ្លី។ ប័ណ្ណនេះ ក៏អាចផ្តល់លទ្ធភាព ដល់បងប្អូនប្រជាពលរដ្ឋយើងដើម្បីយកទៅដាក់ធានាក្នុងការខ្ចីលុយពីធនាគារយកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗ។ចំពោះរដ្ឋយើងការចុះបញ្ជីដីនេះផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លីនិងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរនិងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប។ម្យ៉ាងទៀតការគ្រប់គ្រងដីធ្លីបានល្អប្រសើរជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូលចំណូលថវិកាជាតិនិងផ្ដល់លក្ខណៈងាយស្រួលក្នុងការជំរុញកិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិឈានឡើងសំបូរសប្បាយជូនប្រជាជាតិនិងប្រជាពលរដ្ឋកម្ពុជា។
នេះគឺជាការរួមចំណែកយ៉ាងពិតប្រាកដក្នុងការអនុវត្តនយោបាយរបស់រដ្ឋាភិបាលស្តីពីការកាត់បន្ថយភាពក្រីក្រការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ជាតិប្រកបដោយចីរភាពនិងសុខដុម។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ សូមកោតសសើរនិងថ្លែងអំណរគុណដល់មន្ត្រីជំនាញទាំងអស់ ក៏ដូចជាមន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ គ្រប់រូប ដែលបំពេញការងារបំបែកក្បាលដី ទទួលបានលទ្ធផលល្អនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហាដីធ្លី រហូតសំរេចលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈនាពេលនេះផងដែរ ៕










