ភ្នំពេញ ៖ យោងតាម គណនីហ្វេសប៊ុក ឈ្មោះ Bun Pheakdey (ប៊ុន ភក្ដី) បានបង្ហោះនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា៖ សូមគោរពជម្រាបជូនសាធារណជន ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ថ្ងៃនេះ ខ្ញុំសូមលើកឡើងពីប្រវត្តិផ្ទាល់ខ្លួនខ្លះៗ ជៀសវាងមានការយល់ច្រឡំ៖
ខ្ញុំឈ្មោះ ប៊ុន ភក្ដី ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ៥ មេសា ១៩៨៦ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
+អំពីប្រវត្តិសិក្សា
-បញ្ចប់ការសិក្សាបឋមសិក្សានៅសាលាបឋមសិក្សាសុខអានទន្លាប់ ដោយស្រលាញ់ការសិក្សារៀនសូត្រ បានមកបន្តសិក្សានៅវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ
-បញ្ចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (២០០៦-២០១០)
-បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (២០១៣-២០១៥)
-បញ្ចប់បរិញ្ញបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្ត្រនយោបាយ នៅបណ្ឌិត្យសភានគរបាលកម្ពុជា (២០១៣-២០១៥)
-ជាបេក្ខជនបណ្ឌិត ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ (២០២០-បច្ចុប្បន្ន) ដោយបានទទួលជោគជ័យលើការបោះពុម្ពផ្សាយអត្តបទស្រាវជ្រាវជាលក្ខណៈអន្តរជាតិ លើប្រធានបទ «The Trained Police Competency and Work Performance in the Cambodian Police Force» នៅក្នុងកាលិកបត្រស្រាវជ្រាវ The Academic Journal of St Clements Education Group «VERITAS» ដែលមានមូលដ្ឋាននៅ British West Indies នៃប្រទេសអង់គ្លេស ក្នុង Volume 15, No. 2 ISSN2307-2806 សម្រាប់ខែកក្កដា ឆ្នាំ២០២៤។ ជាមួយនឹងស្នាដៃនេះបណ្ឌិត្យសភានគរបាលកម្ពុជាក៏បានចុះផ្សាយអំពីលទ្ធផលជោគជ័យរបស់ខ្ញុំបាទក្នុងគណនី ហ្វេសប៊ុកផេកផងដែរ។
-បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញនគរបាលជាច្រើនវគ្គផងដែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
+អំពីប្រវត្តិការងារ ខ្ញុំបាទបានចូលបម្រើការងារជាមន្ត្រីនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយប្រឹងប្រែងបំពេញការងារតាមតួនាទី និងភារកិច្ច ព្រមទាំងទទួលបានការលើកទឹកចិត្តជាបន្តបន្ទាប់ រួមមាន៖
-ជាអនុប្រធានដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង (២០១៤-២០១៦)
-ជាប្រធានដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង (២០១៦-២០២៤)
-ជានាយកវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល ឆ្នាំ២០២៤ ដល់បច្ចុប្បន្ន។
ខ្ញុំគ្រាន់តែជាកូនកសិករ យកការតស៊ូ ព្យាយាមជាដើមទុន និងទទួលបានការផ្ដល់ឱកាសពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីបម្រើអង្គភាព និងប្រទេសជាតិ។
ជាចុងក្រោយនេះ សូមសម្ដែងនូវការសោកស្ដាយចំពោះ ហ្វេសប៊ុកផេក #DTN7.com ហ្វេសប៊ុកផេក #អវតារ ស និងបុគ្គលមួយចំនួនដែលខ្វះប្រភពព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ បានបណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។ ដូច្នេះ សូមសាធារណជន កុំយករឿងចៃដន្យ មកវិភាគធ្វើជាការពិត។
ខ្ញុំសង្ឃឹមថា សាធារណជន ឈប់មានការយល់ច្រឡំ លើបញ្ហានេះ សូមគោរពអរគុណ។