កំពង់ស្ពឺ៖ សមត្ថកិច្ច បញ្ជាក់អោយដឹងថា កាលពីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៣និង ៤៥នាទីលើកំណាត់ផ្លូវល្បឿនលឿន K39+200 ទិសដៅព្រះសីហនុ ទៅភ្នំពេញ ត្រង់ចំណុចភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត ១គ្រឿង ម៉ាក Lexus RX300 ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 2B-3816 អ្នកបើកបរឈ្មោះ លី ហ៊ូវ ភេទប្រុស អាយុ ៤០ឆ្នាំ (ស្លាប់) នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ មានអ្នករួមដំណើរជាមួយ ចំនួន២នាក់
១-ឈ្មោះ YIN CHAOYANG ភេទប្រុស ជនជាតិចិន (ស្លាប់)
២-ឈ្មោះ DING YUMEI ភេទស្រី ជនជាតិចិន (របួសធ្ងន់) កំពុងសង្រ្គោះបន្ទាន់។
តាមកាមេរាសុវត្ថិភាពទិន្នន័យដោយផ្លូវល្បឿនលឿនរថយន្តបើកបរពីទិសខាងលិច មកពីខេត្តព្រះសីហនុ ឆ្ពោះទៅទិសខាងកើត រាជធានី ភ្នំពេញ លុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ដដឹកទំនិញ ០១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-7588 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (ក្រោយហេតុការណ៍បានចុះរត់គេចខ្លួន) កំពុងបើកបរស្របទិសគ្នា ។
សមត្ថកិច្ចនគរបាល ប្រចាំការផ្លូវល្បឿនលឿន បានសហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការវាស់វែងអន្ដរាគមន៍ជួយសង្រ្គោះនិងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រីឯសពបានតំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យ។
បច្ចុប្បន្ន សមត្ថកិច្ច បានធ្វេីការស្ទួចយករថយន្ដបង្កគ្រោះថ្នាក់ទាំង ២គ្រឿង មករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលត្រពាំងគង អធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីចំណាត់ការនីតិវិធីបន្ដ៕
សូមបេីកបរដោយការគោរពច្បាប់ជានិច្ច។