ខេត្តកណ្តាល ៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថអាវុធហត្ថស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោកមេបញ្ជាការស្រុក បានចុះល្បាតចល័ត ដើម្បីបង្ការ បង្ក្រាប និងសង្គ្រោះ ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ មកដល់ចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
កម្លាំងជំនាញ បានប្រទះឃើញជនសង្ស័យកំពុងអង្គុយក្បែរម៉ូតូ តែម្នាក់ឯងគួរឲ្យសង្ស័យ កម្លាំងយើងបានហៅសួរនាំ ត្រួតពិនិត្យ ទើបដឹងថា ជនសង្ស័យបានប្រើប្រាស់ ផ្លាកលេខម៉ូតូក្លែងក្លាយ និងបាននាំខ្លួនជនសង្ស័យ យកមកអង្គភាពដើម្បីសាកសួរ។
បន្ទាប់ពីសាកសួរ ជនសង្ស័យខាងលើ រួចហើយ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថអាវុធហត្ថស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោកមេបញ្ជាការស្រុក សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំត្រពាំងវែង បន្តឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ បន្ថែមទៀត ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) យកមកអង្គភាពដើម្បីសាកសួរ។
វត្ថុតាងចាប់យកៈ ម៉ូតូ ចំនួន ០១គ្រឿង, ទូរសព្ទ ០៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។