លោក ចំរើន ៖ សូមឈប់ធ្វើការខ្ចីលុយពី ជនជាតិឥណ្ឌា (លុយរាប់)!

ខេត្តកណ្តាល ៖ លោក ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា (លុយរាប់)  ហើយក្នុងករណីដែលនៅមានប្រជាពលរដ្ឋមានការខ្ចីលុយពីជនជាតិឥណ្ឌា សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន។
លោកអភិបាលខេត្ត អំពាវនាវនេះធ្វើឡើង ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,០៥០ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិឫស្សីជ្រោយ និងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ និងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោមអធិបតីភាព លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង លោកស្រី ឈុន ដាលីន អគ្គនាយករងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅបរិវេណវត្តអម្ពរវ័ន ស្ថិតនៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បន្តថា ការខ្ចីរបស់ជនជាតិឥណ្ឌានេះមានការប្រាក់ថ្លៃ ហើយមិនមានច្បាប់អនុញ្ញាតឡើយ។ ហើយការខ្ចីនេះ មានរយៈពេលកាន់តែយូរទៅ បំណុលរបស់យើងកាន់តែកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យយើងសងពួកគេមិនចេះអស់។ ដូច្នេះប្រសិនបើមានប្រជាពលរដ្ឋណាបានខ្ចីពីជនជាតិឥណ្ឌា សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកឯកឧត្តមផ្ទាល់ ដើម្បីធ្វើការពិនិត្យ និងសម្របសម្រួលជូនបងប្អូនកុំឱ្យមានការជំពាក់កាន់តែច្រើនជាងនេះបន្ថែមទៀត។
អត្ថបទដែលជាប់ទាក់ទង
Open

Close