លោក សរ សុពុត្រា ៖ បញ្ឈប់ការជឿលើ ពួកមេខ្យល់ ដែលញុះញង់អោយមកទន្ទា្រនកាន់កាប់ដីដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង!
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២ ខែមករា ឆ្នាំ ២០២៥នេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំពិធីសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាមនៅតំបន់អូរចំបក់ និងអូរសេវ នៃឃុំភ្លុក ឃុំសាមឃួយ និងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា៖ ការជឿលើពួកមេខ្យល់ ដែលញុះញង់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើសកម្មភាពកាន់កាប់ដីខុសច្បាប់ នឹងនាំឱ្យបងប្អូនខាតពេលវេលា ខាតបង់លុយកាក់ និងអាចត្រូវទទួលខុសត្រូវចំពោះច្បាប់។ សូមបញ្ឈប់ការជឿលើ (ចាញ់បោក) ពួកមេខ្យល់ ដែលញុះញង់នាំបងប្អូនមកទន្ទា្រនកាន់កាប់ដីដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា មានតែគោលការណ៍ “ឈ្នះ-ឈ្នះ” ដែលជាគន្លឹះសំខាន់ ក្នុងការផ្លាស់ប្តូរការរស់នៅលើដីខុសច្បាប់ឱ្យមកស្របច្បាប់វិញ។ ការរស់នៅស្របច្បាប់មិនត្រឹមតែជាការការពារសិទ្ធិរបស់បងប្អូនទេ ប៉ុន្តែជាការចូលរួមក្នុងការកសាងសង្គមប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការជាធរមានក្នុងសហគមន៍។




