ក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រកាស បរិច្ចាគ ៥០ម៉ឺន ដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា តបតាមការអំពាវ របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន
ភ្នំពេញ ៖ តបតាមការអំពាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត, ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រកាសបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា។
តាមរយៈសារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
ក្រុមហ៊ុន ជីប ម៉ុង គ្រុប តែងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិ តាមរយៈសកម្មភាពផ្សេងៗ ដូចជា ការបរិច្ចាគថវិកាសម្រាប់ការទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ១៩ (Rapid Test), ការបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជា, ការបរិច្ចាគថវិកាសម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់, ការបរិច្ចាគថវិកាដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA), ការបរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន», ការបរិច្ចាគថវិកាដើម្បីទិញវ៉ាក់សាំងកូវីដ១៩ និងការបរិច្ចាគថវិកា ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» និងការចូលរួមបរិច្ចាគសាងសង់មន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងទាំងការបរិច្ចាគដទៃច្រើនទៀត។
កាយវិការនៃការបរិច្ចាគថវិកា របស់ក្រុមហ៊ុន ជីប៉ម៉ុង គ្រុប នាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងពីមហាជនចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន៕
ប្រភព ៖ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ


