ធនាគារជាតិ នៃកម្ពុជា សម្រេចដាក់ឱ្យអនុវត្តប្រកាសស្តីពី ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យអនុវត្តប្រកាសស្តីពី ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ក្នុងគោលបំណងគ្រប់គ្រងប្រតិបត្តិការនិងអាជីវកម្មពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ក្រុម១ ស្របតាម ច្បាប់ស្ដីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ប៉ុន្តែ ប្រកាសនេះមិនអនុញ្ញាតឱ្យធនាគារពាណិជ្ជកាន់កាប់ទ្រព្យសកម្មគ្រីបតូ ក្រុម២ ដែលជាប្រភេទទ្រព្យ​សកម្ម​គ្រីបតូ​មិនមានការធានា (Unbacked Cryptoassets) និងមានហានិភ័យខ្ពស់ ដូចជា ប៊ីតខ័ញ (Bitcoin) នោះទេ។
ប្រកាសនេះអនុញ្ញាតឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ដែលស្ថិតក្រោមអាណាព្យាបាលរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងនីតិបុគ្គលផ្សេងទៀត ធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ដោយត្រូវស្នើសុំការអនុញ្ញាត ឬ អាជ្ញាបណ្ណជាមុនពីធនាគារជាតិនៃកម្ពុជា។
បន្ទាប់ពីទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ធនាគារពាណិជ្ជ អាចមានកាន់កាប់ទ្រព្យសកម្មគ្រីបតូ ដែលមានការធានានិងសុវត្ថិភាពខ្ពស់ ដូចជា៖
– ប្រភេទទ្រព្យសកម្មគ្រីបតូ ក្រុម១ក (ថូខិនទ្រព្យសកម្មប្រពៃណី -Tokenized Traditional Assets) ដែលមានលក្ខណៈស្រដៀងនឹងឧបករណ៍ហិរញ្ញវត្ថុធម្មតា និង
– ប្រភេទទ្រព្យសកម្មគ្រីបតូ ក្រុម១ខ ដែលជាស្ដេប៊លខ័ញ (Stablecoin) មានយន្តការស្ថិរភាពប្រកបដោយប្រសិទ្ធភាព។
    
អត្ថបទដែលជាប់ទាក់ទង
Open

Close