នគរបាលខេត្ត និងអាវុធហត្ថខេត្ត បានសហការគ្នា បង្ក្រាបក្មេងទំនើងបាន៦នាក់ បញ្ជូនទៅតុលាការអនុវត្តច្បាប់

ខេត្តសៀមរាប៖  កាលពី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង២៣ និង៣០នាទី នៅចំណុចសួនរ៉ោករ៉ាក ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយសហចារីនិងប្រើប្រាស់អាវុធ) , លួចដោយមានស្ថានទម្ងន់ទោសដោយប្រើហិង្សា (កាប់យកផ្លាកលេខម៉ូតូ) និងធ្វើឲ្យខូចខាតដោយចេត្តនាមានស្ថានទម្ងន់ទោស បង្កឡើងដោយ ជនល្មើស១ក្រុម បានធ្វើសកម្មភាពយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះឈ្មោះ ដុះ មករា ហៅរ៉ា ភេទប្រុស  អាយុ១៦ឆ្នាំ មានទីលំនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ចំពីលើខ្នង តែមិនមុតគ្រាន់តែមានស្នាមដាច់រលាត់បន្តិច និងបន្តកាប់ម៉ូតូរបស់ជនរងគ្រោះឈ្មោះ សៅ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា បណ្ដាលឱ្យដាច់កំបាំងភក់ខាងក្រោយជាប់ជាមួយផ្លាកលេខ បន្ទាប់ពីពួកគេធ្វើសកម្មភាពរួច បានយកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ ហើយនាំគ្នាគេចខ្លួន ។

បន្ទាប់ពីទទួលបានព័ត៍មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់មន្រ្តីក្រោមឱវាទ សហការជាមួយកម្លាំងកងរាជអាហត្ថខេត្តសៀមរាប ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ជុំវិញករណីនេះ រហូតដល់វេលាម៉ោង០១ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចកំណត់បានអត្តសញ្ញាណ និងធ្វើការនាំខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៦នាក់ យកមកធ្វើការសាកសួរ :
១-ឈ្មោះ សូវ សុរក្សា ហៅ ស៊ុយ  ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ  ក្រុង.ខេត្តសៀម រាប ។

២-ឈ្មោះ ដឿម ឌីណា ភេទ ប្រុស អាយុ ១៥ឆ្នាំ មានកំណើត និងទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ។

៣-ឈ្មោះ តឿង សុខេង ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស មានស្រុកកំណើតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង.ខេត្តសៀមរាប ។

៤-ឈ្មោះ ស៊ីរ៉ា ណារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ គ្មាន ស្រុកកំណើតភូមិតាប្រុក ឃុំឈូខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប ។

៥-ឈ្មោះ ឈឿត ឆាត ហៅ ឆើត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ លក់កាហ្វេ ស្រុកកំណើតនៅភូមិគោកបេង សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប

៦-ឈ្មោះ ផន ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ជាម្ចាស់កាំបិតខ្វែវ) ។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសទាំង០៦នាក់ខាងលើ បានឆ្លើយសារភាពថា: ពួកខ្លួនទាំង០៦នាក់ និងបក្ខពួក ពិតជាបានធ្វើសកម្មភាព យកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះ និង កាប់យកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយកាំបិតខ្វែវដែលធ្វើសកម្មភាពនេះ គឺពួកខ្លួនដាក់ជាប់និងម៉ូតូស្រាប់ ចំពោះផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ គឺបក្ខពួកខ្លួន ឈ្មោះ ផលចាន់ បូរ៉ារិន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ(គ្មាន) រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ជាអ្នកកាប់យកផ្លាកលេខ ម៉ូតូរបស់ជនរងគ្រោះ ហើយគេចខ្លួនបាត់ ។

មូលហេតុ: បណ្តាលមកពីក្រុមជនល្មើសខឹងជនរងគ្រោះយកដុំថ្ម គប់មកលើពួកខ្លួន ហើយថែមទាំងស្រែកប្រមាថរកកាប់ពួកខ្លួនមុន ។

ដកហូតវត្ថុតាង: កាំបិតខ្វែវចំនួន ០១ និង ដុំថ្ម០១ដុំ ។

ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំង ០៦នាក់ខាងលើ ជាលទ្ធផល ( អវិជ្ជមានទាំង ០៦នាក់ ) ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងដ្ឋាននគរបាលខេត្តសៀមរាប បញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធី ច្បាប់ ។

លោកឧត្តមសេនីយ៍ទោស្នងការ នគរបាលខេត្តសៀមរាប បានអំពាវនាវដល់ យុវជនយុវនារីទាំងអស់ឱ្យជៀសឆ្ងាយអំពីសកម្មភាពទំនើងគ្រប់រូបភាព ដែលបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងជាពិសេសចំពោះសន្តិសុខសុវត្ថិភាពចំពោះភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបញ្ឈប់ជាបន្ទាន់។

សមត្ថកិច្ចខេត្តសៀមរាប និងធ្វើការបង្ក្រាបដូចភ្លៀងរលឹម ទោះក្នុងតំលៃណាក៏ដោយ

អត្ថបទដែលជាប់ទាក់ទង
Open

Close