រដ្ឋបាលស្រុកជើងព្រៃ សម្រេចលុប ឈ្មោះ លោកស្រី ហន សុគន្ធា ចេញពីបញ្ជីបេក្ខជនដែលជាប់ឆ្នោតជាគណៈអាជីវករផ្សារស្គន់!
ខេត្តកំពង់ចាម៖ រដ្ឋបាលស្រុកជើងព្រៃ សូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាពិសេសលោក លោកស្រីអាជីវករផ្សារស្គន់ និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា កាលបោះ ឆ្នោតជ្រើសរើសគណៈអាជីវករផ្សារស្គន់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០ នាទីរសៀល នៅសាលាស្រុកជើងព្រៃ មានបេក្ខជន ០៦រូប បានឈរឈ្មោះជាគណៈអាជីវករផ្សារស្គន់។ ជា លទ្ធផលនៃការបោះឆ្នោត មានបេក្ខជន ៤រូប ដែលទទួលបានការបោះឆ្នោតគាំទ្រពីអាជីវករផ្សារស្គន់។
លុះមកដល់ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ រដ្ឋបាលស្រុកជើងព្រៃ បានរកឃើញថា ឈ្មោះ ហន សុគន្ធា ភេទស្រី អាយុ ៥៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាបេក្ខជន ០១រូប ដែលបានជាប់ឆ្នោត មិនមែនជាអាជីវករលក់ដូរក្នុងផ្សារស្គន់ឡើយ ដោយសព្វថ្ងៃលោកស្រី មានមុខរបរជាមន្ត្រីរាជការ និងកំពុងបង្រៀននៅសាលាបឋមសិក្សាសូទិប ដែលផ្ទុយពីលក្ខន្តិកៈ របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តកំពង់ចាម បានកំណត់ថា៖ មន្ត្រីរាជការ និងបុគ្គលដែលមិនមែនជា អាជីវករគឺមិនអនុញ្ញាត ឱ្យឈរឈ្មោះជាគណៈអាជីវករផ្សារ បានឡើយ។ ក្នុងន័យនេះ រដ្ឋបាលស្រុកជើងព្រៃ សូមលុប ឈ្មោះ លោកស្រី ហន សុគន្ធា ចេញពីបញ្ជីបេក្ខជនដែលជាប់ឆ្នោតជាគណៈអាជីវករផ្សារស្គន់ សម្រាប់អាណត្តិទី៣ នេះ និងជំនួសមកវិញ នូវបេក្ខជនដែលមានសម្លេងបោះឆ្នោតគាំទ្របន្ទាប់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាពិសេសលោក លោកស្រីអាជីវករផ្សារស្គន់ និងសាធារណៈជនទាំងអស់ មេត្តាជ្រាបជាពត៌មាន។