បាត់ដំបង៖ ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងបាត់ដំបង មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារ តែកំណើន នៃអំពើចោរកម្ម បន្តកើតឡើងជាបន្តបន្ទាប់។
ជាក់ស្តែងកាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានក្មេងស្ទាវជិះម៉ូតូ១គ្រឿង មានគ្នា៣នាក់ ចូលលួចសាំងនៅតូបលក់ដូរមួយកន្លែង ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង និង ១ករណីទៀត មានចោរស្រីរូបស្រស់ បន្លំខ្លួនចូលលួចទូរស័ព្ទ ទំនើប១គ្រឿង ក្នុងផ្សាររាត្រី (អតីត សួនផ្កាចំបុី) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហាក់មិនខ្លាច ញញើត កម្លាំងនគរបាលក្រុងបាត់ដំបង ទាល់តែសោះ ។
ជុំវិញ ករណី ដែលក្រុមចោរ បានធ្វើសកម្មភាព នៅចំណុចខាងលើ ប្រជាពលរដ្ឋមួយចំនួនធំ លួចខ្សឹបតៗគ្នា តាមតុកាហ្វេថា ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង ដឹកនាំដោយ លោក ពេជ្រ សារ៉ែន ជាអធិការ នៅមានភាពកម្សោយ ក្នុងការដឹកនាំ ទើប ក្រុមចោរឆក់ លួច និង ក្មេងទំនើង ធ្វើសកម្មភាព ទៅតាមទំនើងចិត្តបែបនេះ។
ប្រជាពលរដ្ឋមួយចំនួនទៀត (សុំមិនបញ្ចេញឈ្មោះ) បាននិយាយថា ៖ ក្រុមចោរ ដែលចេញធ្វើសកម្មភាព ជាបន្តបន្ទាប់ បែបនេះ ភាគច្រើនកើតចេញពីការចាញ់ល្បែងស៊ីសង ជល់មាន់ តាមអនឡាញ និង ល្បែងផ្សេងៗទៀត ដែលកំពុងបិទទ្វារ លេងយ៉ាងសម្ងាត់ អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ មិនទាន់នឹកឃើញបង្ក្រាប។
ប្រជាពលរដ្ឋ សំណូមពរដោយទទូច ដល់ លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង គួរពង្រឹងសមត្ថភាព កម្លាំងក្នុងដែនសមត្ថកិច្ច របស់ខ្លួន បង្ក្រាបក្រុមក្មេងទំនើង មុខសញ្ញាចោរ លួច ឆក់ ប្លន់ ដើម្បីប្រជាពលរដ្ឋ រស់នៅបានសុខ ស្របទៅតាមគោលនបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ផង ៕
ដោយ ៖ សុខ កុសល