គិតខ្លួនឯងចុះ មេៗ រវល់ចាប់ ជាតិអាកុល ឡានមួយ ២លានរៀល អាសូរ តែឆ្ងាយដើរ ៥០ជំហានដល់សោះ ហេតុអ្វីមន្រ្តីអនុវត្តច្បាប់ជាតិស្រវឹង?…បំភ្លឺ…!

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ជុំវិញគណនីហ្វេសប៊ុកឈ្មោះ សឿម សំនិត បានបង្ហោះខ្លឹមសារ គិតខ្លួនឯងចុះមេៗរវល់ចាប់ជាតិអាកុល ឡានមួយ ២លានរៀល អាសូរ តែឆ្ងាយដើរ ៥០ជំហានដល់សោះ ហេតុអ្វីមន្រ្តីអនុវត្តច្បាប់ជាតិស្រវឹង មិនមកជួយសង្គ្រោះបុរសម្នាក់ គ្រោះថ្នាក់ចរាចរណ៍
ក្រោយពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមដូចខ្លឹមសារខាងលើ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាៈ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៣ និង ៥៥នាទី ត្រង់ចំណុច ផ្លូវ២១៦ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងជិះម៉ូតូដួលខ្លួនឯង ដោយជនរងគ្រោះ ០១នាក់ ភេទប្រុស អាយុប្រហែល ៥៧ឆ្នាំ ក្នុងស្ថានភាពស្រវឹង រូបគាត់បានចេញពីកន្លែងជូបជុំមិត្តភក្ដិ នៅម្ដុំស្ទឹងមានជ័យ ក្រោយមកដោយសារគ្មានអីជិះមកផ្ទះ ក៏បានសុំមនុស្សស្រី០១នាក់ អាយុប្រហែល៣២ឆ្នាំ ជិះម៉ូតូ ០១គ្រឿងម៉ាក ស៊ុមម័រ ពណ៌ត្រួយចេក ពាក់ស្លាក់លេខ ភ្នំពេញ 1JN-9297 ជូនទៅផ្ទះរបស់ខ្លួននៅក្រោយវត្តនុនមុន្នី ដោយស្ដ្រីនោះជាអ្នកបើកម៉ូតូ ពេលមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែជូបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូដោយខ្លួនឯង បណ្ដាលឱ្យបុរសនោះដួលធ្លាក់លើថ្នល់រងរបួសស្រាល និងវង្វេងស្មារតី ខណៈនោះស្រ្តីអ្នកបើកម៉ូតូក៏ដកសោរម៉ូតូគេចបាត់ ដោយបន្សល់ម៉ូតូទុកកន្លែងកើតហេតុ។
ក្រោយពីកើតហេតុភ្លាមសមត្ថកិច្ចដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចម្ងាយជាង២០០ម៉ែត្រពីកន្លែងកើតហេតុក៏សហការជាមួយមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលចុះមកកន្លែងកើតហេតុ ហើយក៏បានសម្រួលចរាចរណ៍កន្លែងកើតហេតុ និងទំនាក់ទំនងរថយន្តសង្គ្រោះបន្ទាន់ដើម្បីដឹកបុរសនោះទៅកាន់មន្ទីរពេទ្យ បន្ទាប់មករថយន្តសង្គ្រោះបានមកដល់ ប៉ុន្តែបុរសនោះបានដឹងខ្លួនមិនឡើងជិះរថយន្តសង្គ្រោះនោះទេ គាត់បានដើរទៅផ្ទះនៅជិតកន្លែងកើតហេតុដោយខ្លួនឯងបាត់ ហើយរថយន្តសង្គ្រោះបានត្រឡប់ទៅវិញ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ ដែលចោទសមត្ថកិច្ចថាឃើញជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍មិនជួយនោះ គឺជាការបង្ហោះព័ត៌មានផ្សព្វផ្សាយមិនត្រឹមត្រូវជាមួយនឹងការនិយាយរិះគន់មកលើសមត្ថកិច្ចថាគិតតែចាប់រថយន្តផាក២លានរៀលអនុវត្តជាតិស្រវឹង គឺជាការនិយាយមានលក្ខណៈញុះញង់ឱ្យមហាជនស្អប់ខ្ពើមសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលយប់ ដើម្បីពង្រឹងច្បាប់ចរាចរណ៍ជាពិសេសពង្រឹងការត្រួតពិនិត្យជាតិស្រវឹងក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
អត្ថបទដែលជាប់ទាក់ទង
Open

Close