ក្រោយមានការបង្ហោះចោទប្រកាន់ចំៗ ថា ប៉ូលិសចរាចរណ៍ បានលួច Memory ក្នុងរថយន្ត ផ្ទុះកក្រើក លើបណ្តាញសង្គម លោកផ្កាយ៣ ជួន ណារិន្ទ ហៅ មន្ត្រីក្រោមឱវាទ មកបំភ្លឺ…!
ភ្នំពេញ ៖ យោងតាម សេចក្តីបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញបុរសម្នាក់ដែលប្រើប្រាស់រថយន្ត Lexus 350 ពាក់ផ្លាកលេខមិនប្រក្រតីបានទទួលស្គាល់កំហុស និងបានបន្តបង្ហោះព័ត៌មានចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍ លួច Memory ក្នុងរថយន្តរបស់ខ្លួន។
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់បុរសម្នាក់ ដែលបើករថយន្តLexus 350 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT-9357 ដែលប្រើប្រាស់ផ្លាក លេខមិនប្រក្រតី ត្រូវសមត្ថកិច្ចផាក ពិន័យតាមច្បាប់ 1លាន20ម៉ឺនរៀលកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅគោលដៅស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយឡែកនៅថ្ងៃនេះក៏បានបន្តផ្សព្វផ្សាយព័ត៌មានបង្ហោះតាមបណ្តាញសង្គមចោទប្រកាន់ទៅលើសមត្ថកិច្ចចរាចរណ៍ឈរគោលដៅដដែលនេះថាបានលួច Memory របស់ខ្លួននៅក្នុងរថយន្ត។
ជុំវិញការចោទប្រកាន់នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាលោកស្នងការរងទទួលផែនការងារចរាចរណ៍ និងលោកនាយការិយាល័យអញ្ជើញមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសចោមចៅ ចំនួន០៣នាក់ មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកមកសួរនាំបំភ្លឺដើម្បីធ្វើរបាយការណ៍រាយការណ៍ ជូនឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច ដោយឡែកបុរសម្ចាស់រថយន្ត Lexus 350 ក៏ត្រូវសមត្ថកិច្ចគ្រោងនឹងអញ្ជើញមកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍បានលួច Memory ក្នុងរថយន្តខ្លួនដើម្បីមកបំភ្លឺ ។
ជុំវិញបុរសម្ចាស់រថយន្ត Lexus 350 ខាងលើគឺក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលការរាយការណ៍ពីតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញឱ្យដឹងថាបុរសនេះធ្លាប់មានបង្កបញ្ហាគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់មកហើយ ដូចជានៅខណ្ឌដង្កោ០១លើក បើកបររថយន្តនិយាយទូរស័ព្ទ សមត្ថកិច្ចឃាត់អប់រំនៅពេលនោះបានថតបង្ហោះសមត្ថកិច្ចនិងបបួលសមត្ថកិច្ចអុជធូបស្បថ ខណ្ឌពោធិ៍សែនជ័យ ០១លើកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពថតបង្ហោះជេរប្រមាថសមត្ថកិច្ច និងខណ្ឌច្បារអំពៅ ០១លើក ជិះម៉ូតូមិនពាក់មួកល្មើសសញ្ញាចរាចរណ៍ ហើយបានថតបង្ហោះសមត្ថកិច្ចអនុវត្តច្បាប់។
ដោយឡែកចំពោះការឃាត់និងផាកពិន័យតាមផ្លូវច្បាប់ប្រើប្រាស់រថយន្តផ្លាកលេខមិនប្រក្រតីនៅគោលដៅស្ពានអាកាសចោមចៅ គឺសមត្ថកិច្ចអនុវត្តតាមគោលការណ៍ថ្នាក់លើខណៈបុរសនេះបើកបររថយន្តល្មើសច្បាប់ចរាចរណ៍ប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ ដោយនៅពេលនោះក៏បានធ្វើសកម្មភាព ប្រើពាក្យសម្តី និងអាកប្បកិរិយាមិនសមរម្យមកលើសមត្ថកិច្ចអនុវត្តច្បាប់ផងដែរ៕