បាត់ដំបង៖ ជនសង្ស័យជាមុខសញ្ញា លួចទូរស័ព្ទ និងកាច់សោរលួចម៉ូតូ ក្នុងក្រុងបាត់ដំបងត្រូវបាន នគរបាលខេត្តបាត់ដំបង សហការជាមួយ កម្លាំងនគរបាលក្រុងបាត់ដំបង ដេញតាមប្រម៉ាញ់ជនសង្ស័យ រត់ចូលពួន ក្នុងលូ អស់រយៈពេល៦ម៉ោងទើបឃាត់ខ្លួនជនសង្ស័យបាន។
ប្រតិបត្តិការបង្ក្រាបករណីនេះ កម្លាំងនគរបាលខេត្តបាត់ដំបង បានប្រើម៉ូទ័របុកបេតុង ចោះលូ នឹងលួងលោម រហូតដល់ជនសង្ស័យទន់ចិត្ត និងអស់ជម្រើសក៍ចេញពីក្នុងលូ ប្រគល់ខ្លួនអោយសមត្ថកិច្ចឃាត់ខ្លួននៅវេលម៉ោង២និង៣០នាទី រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ចំណុច ក្នុងផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យឈ្មោះ រឿន រដ្ឋា (ហៅ គោ) ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅក្នុងស្ថានីយរថភ្លើង ខេត្តបាត់ដំបង។
ក្រោយពេល សមត្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង យកទៅឃុំខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្តបាត់ដំបង ចាត់ការបន្តទៅតាមនិតិវិធី៕
ដោយ ៖ សុខ កុសល