ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតី ទីលានទុកដាក់សំរាមក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ តម្លៃប្រមាណជា ៨ ៩២៧ ០៨៨ ដុល្លារអាមេរិក ដែលបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ១៨,៦៨ហិកតា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី យូសាណា វ៉ាម៉ា នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជ្រើសរើស យកខេត្តកំពង់ចាម អនុវត្តគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គ ជំហានទី៤ ដែលបានសម្រេចសាងសង់ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ស្របតាមស្តង់បច្ចេកទេសក្នុងការកាត់ បន្ថយផលប៉ះពាល់បរិស្ថាន។ គម្រោងនេះ ត្រូវបានសាងសង់ត្រឹមរយៈពេល១២ខែ ដោយគិតចាប់ពី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ ទីលានទុកដាក់សំរាមនេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៨,៦៨ហិកតា ស្ថិតនៅក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀមដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ក្នុងនោះផងដែរ ក៏មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនទៀត ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ទន្ទឹមនឹងសមិទ្ធផលមានតម្លៃដ៏មហាសាល ដែលនឹងដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ ខេត្តកំពង់ចាមក៏នៅមានសមិទ្ធធំ ៗពីរទៀតដែលនឹងបម្រើឱ្យវិស័យបរិស្ថានអនាម័យផង និងការលើកស្ទួយសោភណ្ឌភាពខេត្តផងគឺទីមួយគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង មានប្រវែង ៤គីឡូ៣០០ម៉ែត្រ ស្ថាននីយបូម ចំនួន ៤កន្លែង ស្ថានីយបូមទឹកភ្លៀង ១កន្លែង និងស្ថានីយបូម ទឹកកខ្វក់ចំនួន ៣កន្លែង, សាងសង់ប្រព័ន្ធលូទឹកកខ្វក់ ប្រវែង ៨៦គីឡូម៉ែត្រ សម្រាប់ប្រមូលទឹកស្អុយតាមផ្ទះ និងអគារការិយាល័យផ្សេងៗ។ បន្ថែមពីនេះ គម្រោងនឹងសាងសង់ស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់មួយដែលមានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានចំនួន ៥.០០០ម៉ែត្រគូប ដែលបម្រើឱ្យការចម្លោះទឹកកខ្វក់ពីតាមផ្ទះ និងពីអគារការិយាល័យនានា ប្រមាណ ៤.២៥៥ខ្នងផ្ទះ ក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ចាម ។
ឯកឧត្ដម អ៊ុន ចាន់ដា បានឱ្យដឹងដែរថា គម្រោងស្ថាបនាពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ដែលត្រូវបានសាងសង់ជាផ្លូវ៤គន្លង មានប្រវែង ៤៥,៤៩គីឡូម៉ែត្រដោយគិតចាប់ពីរង្វង់មូល ស្គន់ នៃស្រុកជើងព្រៃ រហូតមកដល់គល់ស្ពានគីហ្សូណា នៃក្រុងកំពង់ចាម ។ គម្រោងនេះ នឹងត្រូវ បញ្ចប់នៅឆ្នាំ២០២៧ ហើយបច្ចុប្បន្ន គិតត្រឹមខែធ្នូ ដំណើរការសាងសង់បាន ៣០ភាគរយហើយ។ សរុបមកទាំងអស់នេះ ពិតជាបង្ហាញឱ្យឃើញអំពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំដៅលើកកម្ពស់សុខមាលភាព ការរស់នៅរបស់បង ប្អូនប្រជាពលរដ្ឋ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម