សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទទួលជួបគណៈគ្រប់គ្រងវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាព និង​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​របស់​ CDRI។ 

ក្នុងឱកាសនៃជំនួប, លោកស្រី អេវ៉ា មីស្លីវីក បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពនៃបេសកកម្មរបស់ CDRI ដែលផ្តោតលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រទៅលើវិស័យជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ធាតុចូលផ្នែកគោលនយោបាយដល់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​-ដំណាក់កាលទី​១​ របស់រាជ​រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ, លោកស្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីទិសដៅអនាគតរបស់ CDRI និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI ដែលផ្តោតលេី៖ ការប្រមូល និងវិភាគទិន្នន័យ, ការបោះពុម្ពផ្សាយឯកសារស្រាវជ្រាវ,  ការលើកកម្ពស់ការសិក្សា និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ និងការផ្តល់ការបណ្តុះបណ្តាល និងវិញ្ញាបនកម្មអំពីការស្រាវជ្រាវ និងការវិភាគ​ ជាដេីម។ 

សម្ដេចបវរធិបតីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ជាង៣ទសវត្សរ៍កន្លងមកនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្តេច​បវរ​ធិបតី​ បាន​គូសបញ្ជាក់​ថា​ រាជរដ្ឋាភិបាល​នឹងនៅ​តែ​បន្តការគាំទ្រដល់​សកម្មភាព​ និងបេសកកម្មរបស់ ​CDRI និងលើកទឹកចិត្តឱ្យ CDRI បន្តចូលរួមសហការជាមួយ​ ក្រសួង​-​ស្ថាប័នរបស់រាជរដ្ឋាភិបាល​ និងស្ថាប័នស្រាវជ្រាវនានា​ ដេីម្បី​លេីកស្ទួយវិស័យ​ស្រាវជ្រាវ​នៅ​កម្ពុជា​ ឱ្យមានការចូលរួមកាន់តែ​ផុសផុល​ និង​រីកលូតលាស់បន្ថែមទៀត។

អត្ថបទដែលជាប់ទាក់ទង
Open

Close