បង្រ្កាប ផលិតផល គ្រឿងក្នុងជ្រូក ខូចគុណភាព គ្មានសុវត្ថិភាព ជាង៧០០គីឡូក្រាម

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសនីយ៍ឯក ជួន​ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៤ បានបង្រ្កាបករណីចែកចាយផលិតផលគ្រឿងក្នុងជ្រូកដឹកតាមម៉ូតូរ៉ឺម៉កផ្ទុកជាង៧០០គីឡូក្រាម ខូចគុណភាព គ្មានសុវត្ថិភាព បង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ការបង្រ្កាបនោះដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បញ្ជាក់ឱ្យដឹងថា៖ បើយោងតាមចម្លើយសារភាពពីបុរសម្ចាស់ម៉ូតូរ៉ឺម៉ក គឺផលិតផលគ្រឿងក្នុងជ្រូកខាងលើរូបគាត់គ្រាន់តែស៊ីឈ្នួលដឹកឱ្យគេតែប៉ុណ្ណោះមិនមែនរបស់ខ្លួននោះឡើយ។
ខណៈនោះសមត្ថកិច្ចក៏បានធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យាចំពោះម្ចាស់ម៉ូតូរ៉ឺម៉ក បញ្ឈប់ការដឹកជញ្ជូនផលិតផលគ្រឿងក្នុងជ្រូកដែលគ្មានប្រភព និងឯកសារច្បាស់លាស់នៅពេលក្រោយទៀត​ ហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
លោកនាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជាក់ទៀតថា៖ ផលិតផលទាំងនេះនាំចូលពីប្រទេសជិតខាងដែលកន្លងមកសមត្ថកិច្ចតែងតែបង្រ្កាបបានជាបន្តបន្ទាប់។ផលិតផលគ្រឿងក្នុងជ្រូកជាង៧០០គីឡូក្រាម នៅថ្ងៃដដែលសមត្ថកិច្ចក៏បាននាំយកទៅដុតបំផ្លាញចោលផងដែរ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close