ភ្នំពេញ៖ នារសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម AKIBA Takeo ទីប្រឹក្សាសន្តិសុខជាតិជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមទីប្រឹក្សា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាជាដៃគូដ៏មានសារៈសំខាន់របស់ជប៉ុន ទាំងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា រាជរដ្ឋាភិបាលជប៉ុននឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ស្របតាមស្មារតីនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជប៉ុន-កម្ពុជា ។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ជប៉ុនដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្ដិភាពនៅកម្ពុជា,ការស្ដារ និងកសាងប្រទេសឡើងវិញ ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងរីកចម្រើនលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ពិសេសភាពរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខ។
សម្ដេចបវរធិបតី និងឯកឧត្តមទីប្រឹក្សាក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានសារៈសំខាន់ដល់សន្តិភាព, ស្ថេរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។