ស្រុកគិរីវង់ តម្លៃ​ស្រូវ OM ឈ្មួញ​ទិញ ក្នុងតម្លៃ ១០៣០ រៀល/គីឡូក្រាម

ខេត្តតាកែវ ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ វិសាល អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រមូលផលស្រូវ តម្លៃស្រូវ និងការនាំចេញស្រូវ តាម​ច្រក​​ព្រំដែនខេត្តតាកែវ។

នាដំណើរចុះត្រួតពិនិត្យនោះ មានការចូលរួមផងដែរពី លោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ លោក​អភិបាលរងស្រុកគិរីវង់ លោកមេឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធ។ ក្នុងនោះមន្រ្តីជំនាញបានបង្ហាញថា ៖ ក្នុងឆ្នាំ២០២៤ នេះកសិករនៅ​តំបន់​នោះ​​បានបង្កបង្កើនផលស្រូវរដូវវស្សា លើផ្ទៃដីសរុប ២២៤ ៤៦៤ ហិកតា ស្មើ១២៤.៧០% នៃផែនការ ដែលក្នុងនោះ ស្រូវស្រាល ៥១.៩៤% ទទួលទិន្នផលមធ្យម ៣.៥៣០តោន/ហិកតា ស្រូវកណ្ដាល ៤៦.៥៩% ទទួលទិន្នផលមធ្យម ៣.៣៥៩តោន/ហិកតា ស្រូវធ្ងន់ ១.៤៣%​ បានទិន្នផលមធ្យម ៣.៣៧៨តោន/ហិកតា។

ជាមួយគ្នានេះដែរ លោក សុខ វិសាល រួមទាំងក្រុមការងារ បានចុះសាកសួរ​ព័ត៌មានអំពីតម្លៃស្រូវ តាមទីតាំងមានដូចជា៖ ច្រកទ្វារ​ភ្នំដិន ស្រុកគិរីវង់ ដោយបានជួបជាមួយកសិករ សៅ ខន ភូមិចំរេះ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ បញ្ជាក់ថាតម្លៃ​ស្រូវ OM នៅថ្ងៃនេះ​ឈ្មួញ​ទិញ ក្នុងតម្លៃ ១ ០៣០ រៀល/គីឡូក្រាម។

ចំណែករោងម៉ាស៊ីនស្រូវ ហ្គោលឌិនដូនកែវ ទីតាំងនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានប្រមូលទិញស្រូវផ្ការំដួល ៥០០តោន ក្នុង​តម្លៃ ១៣៨០រៀល/គីឡូក្រាម អំឡុងខែវិច្ឆិកា ដែលជាស្រូវ នៅក្នុង​តំបន់ ហើយម៉ាស៊ីនកិនស្រូវនេះ ផ្គត់ផ្គង់តម្រូវការក្នុងស្រុក(ស្រូវស្តុក)។

រោងម៉ាស៊ីនស្រូវ សុខកែវ មានទីតាំងក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រមូលទិញស្រូវក្នុងតម្លៃ១៤២០រៀល/គីឡូក្រាម អំឡុង​ខែ​វិច្ឆិកា ដែលជាស្រូវនៅក្នុងតំបន់ ហើយម៉ាស៊ីនកិនស្រូវនេះ ផ្គត់ផ្គង់តម្រូវ​ការ​​ក្នុងស្រុកផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close