ចុះត្រួតពិនិត្យ ករណី បំពុលទឹក ស្ទឹងតូច និងប្រឡាយ៦១ ដែលមានប្រភពចេញពីក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម កៅ សុណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួម លោកព្រះរាជអាជ្ញារង តំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរបរិស្ថានខេត្តកណ្ដាល មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ស្ពឺ អាជ្ញាធរស្រុកគងពិសី អាជ្ញាធរឃុំព្រះនិព្វាន និងលោកមេភូមិពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីបំពុលទឹកស្ទឹងតូច និងប្រឡាយ៦១ ស្ថិតនៅខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដែលមានប្រភពចេញពីក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. ដែលមានអាសយដ្ឋានស្ថិតនៅភូមិក្រាំទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមរយៈការចុះត្រួតពិនិត្យរបស់ក្រុមការងារចម្រុះរួចមកឃើញថា ក្រុមហ៊ុនបានធ្វើការស្ដារប្រឡាយ៦១ ជម្រៅប្រហែល ១,៥ ទៅ២ម៉ែត្រ និងស្ថានភាពទឹកនៅក្នុងប្រឡាយមានជម្រៅ ០,៧ ម៉ែត្រ ហើយស្ថានភាពទឹកនៅក្នុងប្រឡាយ៦១ មានសភាពធម្មតា (ទឹកមានពណ៌ថ្លា) ពុំមានកិ្លនដូចដែលបានចុះត្រួតពិនិត្យកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នោះទេ។
ដោយឡែក ចំពោះស្ថានភាពការបំពុលទឹកស្ទឹងតូច នៅមានសភាពដដែល គឺនៅមានពណ៌ក្រម៉ៅ និងមានក្លិនអូសាវែល ដូចដែលបានចុះត្រួតពិនិត្យកន្លងមក។
ក្រោយពីការចុះត្រួតពិនិត្យរួចមក ក្រុមការងារបានជួបប្រជុំជាមួយក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ និងបានសម្រេចឱ្យក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. ត្រូវធ្វើការផ្អាកការបញ្ចេញសំណល់រាវចេញពីទីតាំងក្រុមហ៊ុនជាបណ្ដោះអាសន្នសិនចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងពីក្រសួងបរិស្ថានជាថ្មី។
ក្រុមហ៊ុន ត្រូវអនុវត្តតាមវិធានការ ដែលក្រសួងបរិស្ថានដាក់ចេញ និងត្រូវរាយការណ៍ជូនក្រសួងបរិស្ថាន បន្ទាប់ពីអនុវត្តរួច ដើម្បីក្រសួងបរិស្ថានធ្វេីការវាយតម្លៃ។