លោក គួច ចំរើន បានណែនាំដល់ ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ ប្រកបដោយលក្ខណៈបច្ចេកទេស គោរពតាមកិច្ចសន្យា ដោយធានាថា ផ្លូវបេតុងនេះ មានគុណភាពល្អ និងរួចរាល់តាមការកំណត់!
ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលបានជួយសាងសង់ ផ្លូវបេតុង២ខ្សែប្រវែង ៧៥០ម កម្រាស់០.១៥ម ទទឹង៥ម ជូនដល់ពួកគាត់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរឆ្លងកាត់ និងដឹកកសិផល យកទៅ លក់នៅទីផ្សារ បានងាយស្រួល។
គួរបញ្ជាក់ថា៖ កាលដើមឡើយ ផ្លូវនេះជួបការលំបាកខ្លាំង បើនៅរដូវប្រាំង ការធ្វើដំណើរទៅវិញទៅមកប្រចាំថ្ងៃ ពិសេស ក្នុងការដឹកកសិផល ទៅលក់នៅទីផ្សារ ជួបការលំបាក បើនៅ រដូវវស្សា ផ្លូវនេះតែងតែ រងការជន់លិច ដោយជំនន់ទឹកភ្លៀង។
ក្នុងឱកាសចុះពិនិត្យការសាងសង់ ផ្លូវបេតុង២ខ្សែនេះ រួមជាមួយ អង្គភាពជំនាញ និងអជ្ញាធរក្រុងតាខ្មៅ នៅរសៀលថ្ងៃទី១៨ឆ្នូនេះ លោក អភិបាលខេត្តកណ្ដាល បានណែនាំដល់ ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ ប្រកបដោយលក្ខណៈបច្ចេកទេស គោរពតាមកិច្ចសន្យា ដោយធានាថា ផ្លូវបេតុងនេះ មានគុណភាពល្អ និងរួចរាល់តាមការកំណត់។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មានលំនៅដ្ឋានសងខាងផ្លូវ ដែលរងផលប៉ះពាល់ក្នុងរយៈពេល សាងសង់ សូមបងប្អូន មានការយោគយល់អធ្យាស្រ័យ ក្នុងរយៈពេលនៃការសាងសង់នេះ អាចបណ្ដាលឱ្យបងប្អូនជួបការលំបាកខ្លះ ក្នុងការចេញចូល ប៉ុន្តែបន្ទាប់ពីផ្លូវនេះសាងសង់រួច ផ្លូវនេះនឹងជួយសម្រួលដល់ ការធ្វើដំណើរ របស់បងប្អូន មានភាពងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលាផងដែរ។
នាឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ ប្រជាពលរដ្ឋ នៅពេលផ្លូវនេះបានសាងសង់រួចរាល់ជាស្ថាពរ សូមបងប្អូន បើកបរដោយមានការប្រុងប្រយ័ត្ន ត្រូវគោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើង នៅពេលកំពុងបើកបរ ពិសេស មិនត្រូវដឹកលើសទម្ងន់ និងចូលរួមថែរក្សា ផ្លូវនេះឱ្យបានល្អទាំងអស់គ្នា ដើម្បីជាប្រយោជន៍ ក្នុងការប្រើប្រាស់ បានយូរអង្វែង៕
ប្រភព៖ ក្រុមព័ត៌មានខេត្តកណ្តាល