ស្ពាន​អាកាស​ “​មរតក​តេជោ​”​ដំណាក់​កាលទី២​ (​ស្ពាន​អាកាសជាន់ទី១​)​ គ្រោងនឹងដាក់ឱ្យដំណើរបណ្ដោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងនេះ!

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានអញ្ជើញក្នុងពិធីភ្ជាប់​ ស្ពាន​អាកាស​ “​ មរតក​តេជោ​ “​ដំណាក់​កាលទី២​ (​ ស្ពាន​អាកាសជាន់ទី១​ )​ ស្ថិតនៅ​ក្នុង​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ នៅថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤៕

ស្ពានអាកាសមរតកតេជោ​ ជាន់ទី១ បានរៀបចំពិធីតភ្ជាប់រួចរាល់នៅថ្ងៃទី១៧ ធ្នូ ២០២៤ ហើយគ្រោងនឹងដាក់ឱ្យដំណើរបណ្ដោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងនេះ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស កាត់បន្ថយចំណាយ និងបង្កើនចំណូល ព្រមទាំងជួយជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។

ផ្លូវ គឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close