លោក អ៊ុន ចាន់ដា ៖ ការវិនិយោគក្លែងក្លាយ ជនរងគ្រោះដាក់ទុនវិនិយោគហើយ មិនអាចដកលុយវិញបាន!

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូឆ្នាំ ២០២៤ នេះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរនអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនោះ លោក  អ៊ុន ចាន់ដា អភិបាលខេត្ត បានឲ្យដឹងថា បញ្ហាបទល្មើសតាមប្រព័ន្ធអនឡាញកំពុងតែកើតឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះមានដូចជា ការឆរបោក តាមប្រព័ន្ធអនឡាញ ពោលគឺការវិនិយោគក្លែងក្លាយ ដែលជនរងគ្រោះដាក់ទុនវិនិយោគហើយមិនអាចដកលុយវិញបាន ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការឆបោក ការធ្វើពាណិជ្ជកម្មក្លែងក្លាយ ដូចជាការលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដើរជនរងគ្រោះទិញដាក់លុយទៅហើយមិនបានរបស់ ឬបានទំនិញមកប្រើមិនកើតក៏មាន។ ម្យ៉ាងទៀត គឺការឆរបោក តាមរយៈការក្លែងអត្តសញ្ញាណ ពោល គឺ ជនឆបោក បានកាត់តរូបភាពថ្នាក់ដឹកនាំ ជាមន្ត្រីនគរបាល ទៅគំរាម ឬប្រើគ្រប់មធ្យោបាយ ដើម្បីទារប្រាក់ពីជនរងគ្រោះ។ មួយចំណុចទៀត គឺការឈរបោកតាមល្បែងស្នេហា ដែលជនឈរបោកចាប់ផ្ដើមពីការកសាងទំនាក់ទំនងស្នេហា បន្ទាប់មកយករូបភាពផ្សេងៗ ជម្រិតទាប្រាក់ពីជនរងគ្រោះ។ ជាមួយគ្នានេះក៏មាន ការខ្ចីលុយតាមអនឡាញ ល្បែងស៊ីសងផ្សេងៗទៀត ដែលសុទ្ធតែជាប្រព័ន្ធ ឆបោក តាមអនឡាញ ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដល់កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏ដូចជាអ្នកពាក់ព័ន្ធ ដើម្បីរួមសហការគ្នា បង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញនេះ។

លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយនូវហានិភ័យ និងការរងគ្រោះដោយការឆរបោកតាមប្រព័ន្ធអនឡាញនេះ តាមរយៈវេទិកាសាធារណៈ ដើម្បីបញ្ជ្រាបព័ត៌មាន ដល់ប្រជាពលរដ្ឋ ឲ្យបានដឹងនិងមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close