ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មេត្តាជ្រាបថា កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ២០២៤នេះ នៅច្រកចូល កំពង់ស្ពឺកើត គីឡូម៉ែត្រលេខ ២៦ មានករណី ក្មេងទំនើង (មិនមានសាធាតុញៀន ) បានបើកម៉ូតូ សម្រុកចូលផ្លូវល្បឿនលឿន យ៉ាងកំរោល ដែលជាប្រភេទម៉ូតូមិនអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន។
នគរបាលចរាចរណ៍ ផ្លូវល្បឿនលឿន បានចេញប្រតិបត្តិការបន្ទាន់ដោយចាប់ឃាត់ និងហៅអាណាព្យាបាលមកណែនាំ និងអនុវត្តតាមនីតិវិធី ។
លោក ផន រឹម បញ្ជាក់ថា ចំពោះយានជំនិះម៉ូតូដែលអាចធ្វើដំណើរលើផ្លូវលឿនលឿនបានលុះត្រាទោចក្រយានយន្តនោះទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kW ឡើងទៅ នឹងត្រូវភ្ជាប់មកជាមួយឯកសារសំខាន់ៗមួយចំនួន។
ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kWឡើងទៅធ្វើដំណើរលើផ្លូវល្បឿនលឿន ពលរដ្ឋខ្មែរ ត្រូវភ្ជាប់មកជាមួយ ឯកសារ ដូចជា បណ្ណសម្គាល់យានជំនិះ និង អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ។
ចំណែកឯជនបរទេស ត្រូវភ្ជាប់មកជាមួយ បណ្ណសម្គាល់ទោចក្រយានយន្ត លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និង លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់។