ឃាត់ខ្លួនមនុស្ស​ ២៩នាក់ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងករណី ចូលរួមសមាគមន៍ក្រុមជនទុច្ចរិត

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល​ ២១​និង​០០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍មកថានៅចំណុច ម្តុំសាខាពន្ធដាខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនា មួយកើតឡើង បង្កដោយភាគី២ក្រុម​ភាគីទី១ ក្រុមដឹកជញ្ជូន WowNow និងភាគីទី២ ក្រុមម៉ូតូកង់បី បានប្រើដៃវាយគ្នា និងប្រើកាំបិតកាប់ចាក់គ្នាទៅវិញទៅមក ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកើតហេតុ តែក្រុមជនសង្ស័យទាំង​ ០២ក្រុម បានរត់គេចខ្លួនបាត់អស់ ។ ក្រោយពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុក រហូតដល់វេលាម៉ោង​ ២១និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យភាគីម៉ូតូកង់បីចំនួន​ ០៩នាក់ ព្រមទាំងដកហូតបានម៉ូតូកង់បីចំនួន​ ៨គ្រឿង នៅចំណុច មុខការិយាល័យចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងបានបន្តឃាត់ខ្លួនបានបក្ខពួកក្រុមម៉ូតូកង់បីចំនួន​ ៩នាក់ផ្សេងទៀត ដោយដកហូតបានម៉ូតូកង់បីចំនួន​ ០៩គ្រឿង បន្ថែមទៀត​ នៅចំណុច ម្តុំព្រៃស្វា ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ​ និងស្រាវជ្រាវបន្ត ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវរហូតឈានចូលយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ច​ បានបន្តឃាត់ខ្លួនក្រុមដឹកជញ្ជូន WowNow ជាបន្តបន្ទាប់សរុបចំនួន ១១នាក់បន្ថែមទៀត ជនជាតិខ្មែរ ដែលសង្ស័យពាក់ព័ន្ធនឹងករណីខាងលើ​ យកមកសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

ក្នុងកិច្ចប្រតិបត្តិការខាងលេី​កម្លាំងជំនាញ​ឃាត់ខ្លួនបានមនុស្សចំនួន ២៩នាក់ (ក្រុមម៉ូតូកង់បី១៨នាក់​ និងក្រុមដឹកជញ្ជូន WowNow ១១នាក់) ។

សម្ភារវត្ថុតាងចាប់យកបានជាក់ស្តែងម៉ូតូកង់បីចំនួន ១៧គ្រឿង ម៉ូតូចំនួន ០៧គ្រឿងទូរស័ព្ទមួយចំនួន ។
+ចំពោះជនសង្ស័យចំនួន ២៩នាក់​ ក្នុងនោះ រកឃេីញម្នាក់មានសារធាតុញៀនក្នុងទឹកនោម ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង​ ២៩នាក់​ រួមនឹងវត្ថុតាង​ខាងលេី កំពុងឃាត់ខ្លួន​ និងរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដេីម្បីសាកសួរ​បន្តនីតិវិធីបន្ត ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close