ខេត្តកំពង់ចាម បានក្លាយជាខេត្តដំបូងគេ ដែលបញ្ចប់ការវាស់វែងកំណត់ព្រំដីធ្លី មុនគេ! ហើយពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី នឹងធ្វើឆាប់ៗខាងមុខនេះ!
កំពង់ចាម៖ នាយឧត្តមសេនីយ៍ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រតិភូអមដំណើរជាច្រើនរូបភាព នៅព្រឹកថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២៤ នេះ បានអញ្ជើញចុះពិនិត្យ ដើម្បីរៀបចំទីតាំងចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ដែលពិធីនោះនឹងប្រារព្ធធ្វើឡើង នាពេលឆាប់ៗ ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អ៊ុន ចាន់ដា ធ្លាប់បានបញ្ជាក់ថា ចាប់ដំណើរការតាំងពីអំឡុងឆ្នាំ២០០៣ រហូតមកទល់ពេលបច្ចុប្បន្ន មានរយៈពេល ២១ឆ្នាំ សម្រេចបានការប្រកាសតំបន់វិនិច្ឆ័យបាន ៩៤៦ភូមិ/៩៤៦ភូមិ លើ១០៩ឃុំ-សង្កាត់ ត្រូវជា១០ក្រុង-ស្រុក, ប្រមូលទិន្នន័យ និងវាស់វែងបាន៩១,៧៧៩៥ក្បាលដី លើចំនួនក្បាលដីដែលប៉ាន់ប្រមាណមាន ទូទាំងខេត្តកំពង់ចាមប្រមាណ ៩២៤,៤២១ក្បាលដី គិតជាភាគរយស្មើនឹង៩៩ភាគរយ (ត្រូវបានបញ្ចប់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤)។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ចំពោះបិទផ្សាយជាសាធារណៈចំនួន ៩១៧,៧៩៥ក្បាលដី លើចំនួនក្បាលដីដែលបានវាស់វែងនិងវិនិច្ឆ័យ រួចទូទាំងខេត្តកំពង់ចាម ៩១៧,៧៩៥ក្បាលដី គិតជាភាគរយស្មើនឹង ១០០ភាគរយ។
ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួន ៨៩៥,៤៩៨ក្បាលដី លើចំនួនក្បាលដីដែលបានបិទ ផ្សាយរួចទូទាំងខេត្តកំពងចាម ៩១៧,៧៩៥ក្បាលដី គិតជាភាគរយ ត្រូវជា៩៨ភាគរយ និងបានបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងក្រុង-ស្រុកទាំង១០ របស់ខេត្តកំពង់ចាម ជាស្ថាពរ។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ផងដែរថា ខេត្តកំពង់ចាម បានក្លាយជាខេត្តដំបូងគេដែលបញ្ចប់ការវាស់វែងកំណត់ព្រំដីធ្លីមុនគេ ៕
ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម