ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ថ្មី ជាមន្ត្រីដែលធ្លាប់មានបទពិសោធន៍ និងជាអនុប្រធានមន្ទីររយៈពេល ៧ឆ្នាំ…!

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងជាច្រើនរូប។
នាឱកាសនោះ លោក យន់ រស្មី ត្រូវបានតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ជំនួសលោក នួន លីហួន ដែលទទួលបានការជ្រើសតាំងជាសមាជិកក្រុមប្រឹក្សា។
ក្នុងនាមក្រុមប្រឹក្សាខេត្ត លោក ប៉េង ពោធិ៍សា បានថ្លែង និងសង្ឃឹមយ៉ាងមុតមាំថា លោក យន់ រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនថ្មី ជាមន្ត្រីដែលធ្លាប់មានបទពិសោធន៍ និងជាអនុប្រធានមន្ទីររយៈពេល ០៧ឆ្នាំកន្លងមក នឹងបន្តខិតខំប្រឹងប្រែងយកអស់សមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ បំពេញតួនាទីភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ប្រកបដោយសុឆន្ទៈបុរេសកម្ម អន្តរសកម្ម និងការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥យ៉ាង «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ព្រមទាំងពង្រឹងយន្តការ និងប្រសិទ្ធភាព នៃការដឹកនាំគ្រប់គ្រងមន្ទីរ ធានាឲ្យបាននូវអភិបាលកិច្ចល្អ និងមានសុខដុមនីយកម្មក្នុងអង្គភាព។
ថ្លែងក្នុងអង្គពិធី នាឱកាសនោះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមអបអរសាទរ លោក នួន លីហួន អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ដែលទទួលបានការជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង នីតិកាលទី៤ និងបានវាយតម្លៃខ្ពស់ចំពោះ លោក ក្នុងការដឹកនាំ និងគ្រប់គ្រងមន្ទីរកន្លងមក ដែលបានប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ និងមានការរួមចំណែកពីថ្នាក់ដឹកនាំ និងមន្ត្រីរបស់មន្ទីរផ្ទាល់ រួមគ្នាសម្រេចសមិទ្ធផលជាច្រើនជូនខេត្ត លើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយភាពរីកចម្រើនគួរជាទីមោទន ទាំងទៅលើការពង្រឹងប្រសិទ្ធភាពការងារ ការលើកម្ពស់សមភាពស្ថាប័ន ការធានាការផ្តល់សេវាសាធារណៈ ជូនសាធារណជន និងការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងដែនសមត្ថកិច្ចបន្ថែមទៀត។
ទន្ទឹមនឹងនេះ  រដ្ឋមន្រ្តី បានអបអរសាទរ និងផ្តាំផ្ញើរដល់ លោក យន់ រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាមន្ទីរ-អង្គភាពនានាជំនាញខេត្ដ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ ជាតិ-អន្ដរជាតិ ជាពិសេស អនុវត្តតាមការណែនាំពីថ្នាក់ដឹកនាំខេត្ត សំដៅបន្តអភិវឌ្ឍន៍ វិស័យហេដ្ឋារចនាសម្ព័ន្ឋ ការផ្ដល់ សេវាសាធារណៈចាំបាច់ និងសេវាតម្រូវការគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕
អត្ថបទដែលជាប់ទាក់ទង
Open

Close