ហ្វេសប៊ុក ឈ្មោះ Sakoun Sok ៖ អនឡាញហ្កេម និងស្គេមសឹនថឺ កំពុងរីកស្គុះស្គាយនៅកម្ពុជា ថែមទាំងជល់មាន់និងខ្លាឃ្លោក នៅបាត់ដំបង ជាង៤០កន្លែង លេងដាក់លុយពាន់ដុល្លារ…!
ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយស សូម ជម្រាបជូន សាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម បានជ្រាបថា ប៉ុន្មានថ្ងៃនេះ បាន ឃើញគណនីហ្វេសប៊ុកឈ្មោះ Sakoun Sok ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានសរសេរខ្លឹមសារបង្ហោះក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា អនឡាញហ្កេម និងស្គេមសឹនថឺ កំពុងរីកស្គុះស្គាយ នៅកម្ពុជា ថែមទាំង ជល់មាន់ និងខ្លាឃ្លោក នៅបាត់ដំបង ជាង៤០កន្លែង លេងដាក់លុយពាន់$$$!
ឃើញការផ្សព្វផ្សាយបែបនេះ ក្នុងនាមលោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង សូមធ្វើការបំភ្លឺព័ត៌មានដូចខាងក្រោម៖
ក្នុងឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលទូទាំងខេត្តបាត់ ដំបង បង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទបានចំនួន ៧២ ករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ៣៣៣ នាក់ ស្រី ចំនួន ១៦៨នាក់ ក្នុងនោះ បានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបងបានចំនួន ១៦ ករណី មនុស្សចំនួន ៥៦ នាក់ស្រីចំនួន ២០នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ហើយបានអនុវត្តវិធានការរដ្ឋបាលដោយការអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព បន្តចំនួន ៥៦ ករ ណី មនុស្សចំនួន ២៧៧ នាក់ស្រី ១៤៨នាក់។
តាមរយៈលទ្ធផលនេះបានបង្ហាញឱ្យឃើញថា សម ត្ថកិច្ចនគរបាល បានខិតខំធ្វើការស្រាវជ្រាវ និងបង្ក្រាបនូវរាល់បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ទោះទ្រង់ទ្រាយតូចធំក៏ដោយ។
ចំពោះការលើកឡើងរបស់ម្ចាស់គណនីខាងលើ យើងខ្ញុំស្នើឱ្យម្ចា ស់គណនីសហការផ្តល់ នូវព័ត៌មានចំណុចទីតាំង លំអិតដើម្បីយើងខ្ញុំមានលទ្ធភាពធ្វើការស្រាវជ្រាវ និងបង្រ្កាបបានទាន់ពេលវេលា។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជនអ្នកសារព័ត៌មាន អ្នកនិយមប្រើប្រាស់បណ្តាញសង្គម ពិសេសម្ចាស់គណនីខាងលើជ្រាបជាព័ត៌មាននិងចូលរួមសហការជាមួយសមត្ថកិច្ចដោយភាតរៈ៕(ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស)