សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ ថវិកា ២០លាន រៀល និងភេសជ្ជៈ មួយចំនួនដល់ តារាកំប្លែង នាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលជំងឺប្រចាំកាយ នៅមន្ទីរពេទ្យព្រះកេតុមាលា …!!

ភ្នំពេញ៖ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីបានដំណឹងថា តារាកំប្លែង នាយ តាក់ស៊ី កំពុងសម្រាកព្យាបាលជំងឺប្រចាំកាយធ្ងន់ធ្ងរ និងជួបប្រទះបញ្ហាជីវភាពផងនោះ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌រួមមាន ថវិកា ២០លានរៀល និងភេសជ្ជៈមួយចំនួនទៀត ជូនដល់នាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលើកទឹកចិត្ត ជូនពរដល់នាយតាក់ស៊ី ឆាប់បានជាសះស្បើយឡើងវិញ។ លោកជំទាវ ក៏បានមានប្រសាសន៍អំពីជំងឺមិនឆ្លងនានាក្នុងបច្ចុប្បន្ននេះ ដែលកំពុងតែកើតមានឡើងលើមនុស្សគ្រប់វ័យ ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺមហារីកជាដើម ដែលជំងឺទាំងអស់នេះបង្កឡើងដោយការបរិភោគអាហារមិនបានត្រឹមត្រូវ ដូច្នេះលោកជំទាវបានអំពាវនាវសុំឱ្យប្រជាជនយើងយកចិត្តទុកដាក់គិតគូរពីការបរិភោគអំបិលតិច ស្ករតិច ខ្លាញ់តិច និងហាត់ប្រាណជាប្រចាំ ដើម្បីសុខភាពល្អ និងសុភមង្គល។

នាយ តាក់ស៊ី មានក្តីរំភើបក្តុកក្តួលឥតឧបមាដោយទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តពីសំណាក់ អ្នកម្តាយមនុស្សធម៌ ដែលលោកតែងតែគិតគូរដល់សុខទុក្ខរបស់សិល្បៈករដែលជួបការលំបាក និងប្រជាជនងាយរងគ្រោះបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ នាយ តាក់ស៊ី បានគោរគជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សូមជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេស និងជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close